ឯកឧត្តម សក់ សេដ្ឋា៖ គណៈកម្មការអន្ដរក្រសួងជំរុញ និងត្រួតពិនិត្យការងារ អធិការកិច្ចហត្ថពលកម្មបរទេស បង្កើតឡើង ដើម្បីគាំទ្រដល់ផែនការប្រតិបត្តិការ បង្កើនការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ពលកម្ម និងអាជីវកម្មផ្លូវភេទ

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការអន្ដរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស បានថ្លែងថា គណៈកម្មការអន្តរក្រសួងនេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីគាំទ្រដល់ផែនការប្រតិបត្តិការ បង្កើនការងារប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការអន្ដរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ធ្នូនេះ ឯកឧត្តម សក់ សេដ្ឋា បានអាននូវសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការបង្កើតគណៈកម្មការអន្ដរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស ថា គណៈកម្មការអន្ដរក្រសួងនេះ មានសមាសភាពចំនួន ២១រូប ក្នុងនោះប្រធានចំនួន ១រូប ដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អនុប្រធាន ចំនួន ៦រូប និងសមាជិក ចំនួន ១៤រូប។
ឯកឧត្តមបញ្ជាក់ថា «គណៈកម្មការអន្តរក្រសួងនេះ បង្កើតឡើងក្នុងគោលបំណងដើម្បីដឹកនាំពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដើម្បីជំរុញការងារអធិការកិច្ចហត្ថពលកម្មបរទេស និងផ្សព្វផ្សាយគោលការណ៍ វិធានការពាក់ព័ន្ធនៅតាមសហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹបកម្សាន្តនានា ដើម្បីគាំទ្រដល់ផែនការប្រតិបត្តិការបង្កើនការងារប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា» ។
ទន្ទឹមនេះ ឯកឧត្តម បានបន្ថែមថា ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មការនេះ មានសិទ្ធិចាត់ចែងប្រើប្រាស់មន្ដ្រីក្រោមឱវាទឱ្យចូលរួមបំពេញការងារតាមការចាំបាច់ ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការអន្ដរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស បានធ្វើការប្ដេជ្ញាចិត្តបំពេញការងារ ធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ឱ្យមានប្រសិទ្ធិខ្ពស់ផងដែរ ៕
