ឯកឧត្ដម សេរី ជំនះ អញ្ជើញបើកកម្មវិធីទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ ធ្នូ និងការប្រកួតវគ្គផ្ដាច់ព្រ័ត្រកម្មវិធី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ”

ភ្នំពេញ៖ ឯកឧត្ដម សេរី ជំនះ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាព បើកកម្មវិធីទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ក្រោមប្រធានបទ “សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត” និងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ” ប្រចាំឆ្នាំសិក្សា២០២២ ដោយមានការអញ្ជើញចូលរួមពីលោក អ៊ីម៉ានូអែល ហ្គីនទីញ នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកប្រចាំប្រទេសកម្ពុជា លោក លោកស្រី តំណាងមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ទាំង២៥ ប្រតិភូក្រុមយុវជនស្ម័គ្រចិត្ត និងបណ្ដាញអង្គការអ្នកស្ម័គ្រចិត្តនានាមកពីទូទាំងប្រទេស ចំនួនជាង ២៩០នាក់។
កម្មវិធីនេះរៀបចំឡើងដោយនាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌលនៃក្រសួងអប់រំ យុវជន និងកីឡា នៅសហសាលនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណង៖
⁃ ចូលរួមអបអរសាទរ និងថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្តនៅទូទាំងពិភពលោក ក៏ដូចជា អ្នកស្ម័គ្រចិត្តគ្រប់ស្រទាប់វណ្ណៈនៅកម្ពុជា
⁃ ផ្ដល់ជាឱកាសដ៏ល្អមួយសម្រាប់ផ្ដល់កិច្ចពិភាក្សាស្វែងយល់ និងរិះរកវិធីដើម្បីជំរុញការងារស្ម័គ្រចិត្ត ក៏ដូចជាការស្វែងយល់ និងចែករំលែកពីគ្នាទៅវិញទៅមកនូវបទពិសោធន៍ពីមួយជំនាន់ ទៅមួយជំនាន់ ពីការស្ម័គ្រចិត្តក្នុងប្រទេស និងការស្ម័គ្រចិត្តក្រៅប្រទេស
⁃ ជំរុញ និងលើកទឹកចិត្តឱ្យយុវជនបញ្ចេញសមត្ថភាពប្រកួតប្រជែងបង្កើតគម្រោងណាមួយ ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែងក្នុងសហគមន៍របស់ពួកគេ
⁃ ពង្រឹងនូវសមត្ថភាពបំណិនទន់របស់យុវជនស្ម័គ្រចិត្ត ទាំងយុវជនក្រៅសាលា និងយុវជនក្នុងសាលា តាមរយៈការរៀនតាក់តែង និងអនុវត្តគម្រោងសម្រាប់ជួយដល់ការអភិវឌ្ឍសហគមន៍
⁃ ចូលរួមដល់ការអភិវឌ្ឍសហគមន៍ និងលើកម្ពស់ការយល់ដឹង និងការគាំទ្រពីសហគមន៍ ស្ថាប័នពាក់ព័ន្ធនានា និងដៃគូអភិវឌ្ឍន៍អំពីផលប្រយោជន៍នៃការងារស្ម័គ្រចិត្តរបស់យុវជន៕
