កម្ពុជាបញ្ជូនកម្លាំងអាវុធហត្ថ៧៣នាក់ទៅរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង

ភ្នំពេញ៖ កងកម្លាំងកងរាជអាវុធមួកខៀវកម្ពុជាចំនួន៧៣នាក់ ជាកងលើកទី១១ បានបញ្ជូនទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើការប្តូរវេនកម្លាំងអាវុធហត្ថចាស់ ត្រូវបានបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិរយៈពេល១ឆ្នាំ ដែលបានធ្វើមាតុភូមិនិវត្តនីវិញ កាលពីរាត្រីម្សិលមិញ។
ក្នុងពិធីជូនដំណើរកងកម្លាំងអាវុធហត្ថមួកខៀវកម្ពុជាខាងលើនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងថា កម្លាំងកងរាជអាវុធហត្ថ ដែលត្រូវទៅបំពេញបេសកម្មនេះ ត្រូវធ្វើយ៉ាងណាខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ឲ្យទទួលបានជោគជ័យ ដើម្បីជាមុខមាត់របស់កម្ពុជា លើឆាកអន្តរជាតិ។ ការទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូងនេះ វាបានរួមចំណែកក្នុងការចូលរួមជាមួយអង្គការសហប្រជាជាតិ ដើម្បីរក្សានូវសន្តិភាពស្ថេរភាពនៅក្នុងតំបន់ និងនៅលើពិភពលោក។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់កងកម្លាំងកម្ពុជា ដែលទៅចូលរួមបេសកម្មថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិទាំងអស់ ត្រូវគោរពវិន័យក្រមសីលធម៌ និងបង្កើនចំណេះផ្នែកភាសាបរទេសផងដែរ។
កងកម្លាំងដែលត្រូវបញ្ជូនទៅប្រទេសស៊ូដង់ខាងត្បូងនេះ បាននាំទៅជាមួយនូវសម្ភារ: យោធបរិក្ខារ គ្រឿងបន្លាស់សម្រាប់បំពេញបន្ថែមលើសម្ភារ:ដែល មានស្រាប់នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ដែលអាចធានារយ:ពេលបាន១ឆ្នាំ។
គួរបញ្ជាក់ថា កម្ពុជាបានបញ្ចូនកម្លាំងចំនួន៨,៥៤៨នាក់រួចហើយ ទៅបំពេញបេសកកម្មដើម្បីរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅក្នុងប្រទេសមួយចំនួន៩ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្រ្វិកកណ្តាល លីបង់ ប្រទេសម៉ាលី សាយប្រឹស ស៊ីរីនិង យ៉េមែន ដោយផ្តោតលើជំនាញ វិស្វកម្ម បោសសម្អាតមីន តម្រួតយោធា ពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទះជាដើម។ ក្នុងឆ្នាំ២០២២នេះ កម្លាំងដែលបំពេញបេសកកម្មមានចំនួនជាង៨០០នាក់ ប្រតិបត្តិការនៅក្នុង សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងសាធារណរដ្ឋអាហ្រ្វិកកណ្តាល៕
