សម្តេចតេជោ ហ៊ុន សែន ទន្ទឹងរង់ចាំមើលថ្ងៃទី១៤ ខែធ្នូ អ្នកធ្វើបាតុកម្មប្រឆាំងសម្តេចនៅប្រទេសបារាំង តើមានប៉ុន្មាននាក់?

ប៊ែលហ្សិក៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោកបានថ្លែងបញ្ជាក់ថា សម្តេចចង់ឃើញវត្តមានទណ្ឌិត សម រង្ស៉ី មកដឹកនាំបាតុកម្មប្រឆាំងសម្តេចដោយផ្ទាល់នៅឯប្រទេសបារាំង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ហើយក៏ចង់ដឹងដែរថាមានចំនួនអ្នកចូលរួមប៉ុន្មាននាក់។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនខ្មែរ ជិត២ពាន់នាក់ នៅទ្វីបអឺរ៉ុប។ កិច្ចសំណេះសំណាលនេះបានរៀបចំធ្វើឡើង នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ។
ជុំវិញរឿងទាំងអស់នេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានឱ្យដឹងថា វាមិនចម្លែកនោះទេ ឱ្យតែអ្នកគាំទ្ររាជរដ្ឋាភិបាល និងបក្សកាន់អំណាច គឺក្រុមប្រឆាំងតែងតែហៅថាជាអាយ៉ង។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ប្រាប់ប្រជាពលរដ្ឋខ្មែរថា ត្រូវជឿលើនរណាដែលអាចជួយខ្លួនបាន ហេតុអ្វីត្រូវជឿលើមនុស្សជួយតែខ្លួនឯងមិនបានផងហ្នឹង! សម្តេចលោកបានមានប្រសាសន៍ថា ចុងឆ្នាំ២០២២នេះ មានការងារយ៉ាងច្រើន ដែលតម្រូវឱ្យធ្វើដើម្បីជាប្រយោជន៍ជាតិ និងប្រជាជន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ [ខ្ញុំចង់មើលថ្ងៃទី១៤ វាមានអ្នកចូលរួមប្រមាណឲ្យពិតប្រាកដ ហើយខ្ញុំសំណូមពរឱ្យមេអំពាវនាវឱ្យធ្វើបាតុកម្ម ដឹកនាំបាតុកម្មដោយផ្ទាល់ តើបានឬទេ? ខ្ញុំតាមវ៉ៃដល់ផ្ទះ ដូចនៅតុលាការបារាំងអញ្ចឹង ការរៀបរាប់ហេតុការណ៍ គេនិយាយយ៉ាងច្បាស់ អំពីភាពគ្មានទោសហ្នឹង ហ៊ុន សែន ទីបំផុតឯងអ្នកចាញ់ក្តីវិញ វានិយាយទៅបានថាឈ្នះក្នុងស្ថានភាពចាញ់ទៅវិញ]។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ដឹងថា តើនៅថ្ងៃទី១៤ ខែធ្នូ មានមនុស្សប៉ុន្មាននាក់ មកធ្វើបាតុកម្មប្រឆាំងសម្តេច តាមការអំពាវនាវរបស់ក្រុមប្រឆាំង ហើយសម្តេចក៏ចង់ឃើញមុខអ្នកប្រកូកប្រកាសឱ្យអ្នកនៅអឺរ៉ុបប្រឆាំងសម្តេច ក្លាហានចេញមុខដឹកនាំមហាបាតុកម្មដោយផ្ទាល់ទៅ។។
