សម្ដេចតេជោ ហ៊ុន សែន អះអាងថា ការចាប់មនុស្សប៉ុនប៉ងធ្វើរដ្ឋប្រហារនៅកម្ពុជា មិនខុសពីអាល្លឺម៉ង់ចាប់មនុស្សប៉ុនប៉ងធ្វើរដ្ឋប្រហារនោះទេ

ប៊ែលហ្សិច៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោកបានលើកឡើងថានៅ ប៉ុន្មានថ្ងៃមកនេះ មានការចាប់ខ្លួនមនុស្សជាបន្ដបន្ទាប់ នៅឯប្រទេសអាល្លឺម៉ង់ បន្ទាប់ពីមនុស្សទាំងអស់នោះប៉ុនប៉ងធ្វើរដ្ឋប្រហារ ដូច្នេះការចាប់ខ្លួនមនុស្សនេះ មិនខុសពីការអនុវត្តរបស់សម្ដេចទៅលើក្រុមដែលប៉ុងប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយកម្លាំងប្រដាប់អាវុធស្របច្បាប់នោះទេ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅអឺរ៉ុប ប្រមាណ២ពាន់នាក់ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា [ហេតុអីបានជាប្រជាធិបតេយ្យចាក់ឫសតាំងពីក្រោយសង្គ្រាមលោកលើកទី២ មកមានការប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០២២? ហេតុអីបានអាល្លឺម៉ងត្រូវចាប់មនុស្សនេះ? កម្ពុជាច្បាស់ណាស់ពួកអ្នកឯងទៅរកចាប់ខ្ញុំថែមទៀត រឿងអីខ្ញុំមិនចាប់អ្នក។ អ្នកឯងដាក់ផែនការចូលស្រុក ដើម្បីបំផុសចាប់ ហ៊ុន សែន ផ្ដូលហ៊ុន សែន ដោយអាវុធ អញ្ចឹង ហ៊ុន សែន ចាប់អត់មានអីខុសទេ បើអាល្លឺម៉ងថាចាប់អត់ខុស ចឹង ហ៊ុន សែន ចាប់អត់ខុសទេ]។
សម្រាប់ ប្រទេសកម្ពុជាវិញ សម្ដេចតេជោនាយករដ្ឋមន្ដ្រី លោកបានរំលឹកថា ក្រុមអគតិបានប៉ុនប៉ងធ្វើរដ្ឋប្រហារយ៉ាងពិតប្រាកដ ដោយកំណត់ទាំងកាលបរិច្ឆេទដើម្បីផ្ដូលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ ដែលពេលនោះហើយឈានដល់ការស្លាប់មនុស្ស ដូច្នេះហើយចាំបាច់ណាស់រាជរដ្ឋាភិបាលត្រូវតែចាត់វិធានការលើក្រុមទាំងអស់នោះ។ ក្នុងន័យនេះ សម្ដេចបានសង្កត់ធ្ងន់ថា មិនអាចមានស្ដង់ដារពីរនោះទេ ពោល Only Single Standard។
សម្ដេចតេជោ ហ៊ុន សែន លោកក៏បានបង្ហាញនូវការកើតឆ្ងល់ដែរថា រយៈពេលដល់ពេលនេះ អាល្លឺម៉ងជាង៧០ឆ្នាំមកហើយ បែរជាមានការប៉ុនប៉ងធ្វើរដ្ឋប្រហារទៅវិញ។។
