ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភ សម្ភារៈប្រើប្រាស់ ដល់តំបន់ប្រតិបត្តិការសឹករងកំពត

ភ្នំពេញ៖ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ សម្ភារប្រើប្រាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ រួមមាន ម៉ូតូម៉ាក់ WAVE ចំនួន ១៥គ្រឿង និងម៉ាស៊ីន GPS Garmin ចំនួន១៧ គ្រឿង ជូនដល់អង្គភាពចំណុះតំបន់ប្រតិបត្តិការសឹករងកំពត តាមរយៈក្រុមការងារ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត។
ឧត្ដមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពត បានថ្លែងថា ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ តែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់បំផុតដល់សុខទុក្ខរបស់ នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ពទាំងអស់។
ជំនួសមុខឲ្យ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃតំបន់ប្រតិបត្តិសឹករងកំពត ឧត្ដមសេនីយ៍ត្រី មេបញ្ជាការ សូមគោរព ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លានាពេលនេះ៕
