គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មានពីកិច្ចប្រជុំផ្សព្វផ្សាយពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត [គ.ជ.ប] បានចេញសេចក្តីប្រកាសព័ត៌មានពីកិច្ចប្រជុំផ្សព្វផ្សាយអំពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ជាមួយប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត។
កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្ដម ហង្ស ពុទ្ធា សមាជិក គ.ជ.ប ជាអ្នកនាំពាក្យ គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំដើម្បីប្រកាសបិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ផ្សព្វផ្សាយអំពីការបញ្ជូនលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមក គ.ជ.ប បណ្តឹងទាក់ទងទៅនឹងការចុះឈ្មោះបោះឆ្នោត និងការរៀបចំបញ្ជីបោះឆ្នោតដំបូង។
ឯកឧត្ដម ហង្ស ពុទ្ធា បានគូសបញ្ជាក់ថា ក្នុងរយៈពេល៥០ថ្ងៃ នៃដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ កន្លងមកនេះ ជាការកត់សម្គាល់ ឃើញថា គ.ជ.ប និងមន្ត្រី គ.ជ.ប គ្រប់ជាន់ថ្នាក់ ពិសេសក្រុមចុះឈ្មោះបោះឆ្នោតបានអនុវត្តយ៉ាងត្រឹមត្រូវ តាមច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងឯកសារគតិយុត្តផ្សេងទៀត ដែលធ្វើឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ ប្រព្រឹត្តទៅរលូនល្អ និងមានសណ្តាប់ធ្នាប់។។

