ជីវិត និងមច្ចុរាជ
ព្រឹកនេះ ស្របពេលខ្ញុំដើរមកដល់មុខនាឡិកាយក្សវត្តភ្នំ និងក្រឡេកភ្នែកទៅមើលរូបសំណាកព្រះបាទស៊ីសុវត្ថិ ខ្ញុំក៏ប្រទះសត្វកេងកងកំពុងឈរនៅលើផ្ទាំងថ្មសរសេរអំពីប្រវត្តិស្តេច។ ខ្ញុំក៏ឡើងទៅផ្នែកខាងលើដើម្បីថតរូប។
សត្វកេងកង និងសត្វសេក :
ក្រោយសម្លឹងផ្អៀងផ្អងប្រមាណកន្លះនាទី សត្វកេងកងក៏លោតចុះមកក្រោម។ ភ្លាមមួយរំពេច សម្រែកសត្វស្លាបយ៉ាងគ្រលួចមួយបានបន្លឺសម្លេងផ្ទួនៗ។ សត្វកេងកងបានខាំជាប់នឹងជំពុះនូវសត្វសេកមួយក្បាល។ កាលពីដំបូង ខ្ញុំមិនចាប់អារម្មណ៍នឹងសត្វសេក ឬមើលមិនឃើញសត្វសេកឡើយ។ ដោយហេតុថា ពណ៌សត្វសេក និងពណ៌ស្មៅ គឺតែមួយ។
ស្ថិតនៅចំពីមុខមច្ចុរាជ សេកកំសត់ខំត្រដរស្រែកផង រើបំរះផង បណ្តាលអោយស្លាបសេកដាច់ហើរជុំវិញខ្លួន។ ប្រមាណ៣០វិនាទី សត្វកេងកងក៏ពាំសត្វសេកហើរទៅទំលើបង្គោលភ្លើងមួយក្បែរនោះ។ សត្វសេកបន្តស្រែក និងរើបំរះមុនដាច់ខ្យល់។ ស្របពេលជាមួយគ្នានោះ បុរសជនជាតិអាមេរិក២រូបក៏បានប្រទះទិដ្ឋភាពនេះផងដែរ ក៏នាំគ្នាថតវីដេអូ។
ខ្ញុំ និងបុរសជនជាតិអាមេរិក :
ដោយសារខ្ញុំបានថតព្រឹត្តិការណ៍កេងកងចាប់សេកពីដើមដំបូង។ ពួកគាត់បានសុំរូបថតពីខ្ញុំ។ ខ្ញុំមិនទើសទ័លក៏បញ្ជូនរូបភាពអោយទៅគ្នាគាត់ម្នាក់ក្នុងចំណោម២នាក់។ យើងបានក្លាយជា Facebook friends ជាមួយគ្នាមួយរំពេច។
វីល្លៀមប្រាប់ខ្ញុំថា គាត់នឹកស្មានសត្វកេងកងស៊ីតែផ្លែឈើជាអាហារ និងមិននឹកស្មានថា វាក៏សុីសាច់ឆៅផងដែរ។ នេះជាលើកដំបូងដែលគាត់ប្រទះហេតុការណ៍បែបនេះ។ វីល្លៀមដំណាលបន្តថា គាត់មកពីកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ គាត់ធ្លាប់រស់នៅប្រទេសកម្ពុជាយើងចំនួន៦ឆ្នាំឯក្រុងកំពង់សោម និងបច្ចុប្បន្នគាត់រស់នៅប្រទេសហ្វីលីពីន១០ឆ្នាំទៀតមកហើយ។ គាត់ពោលសរសើរប្រទេសហ្វីលីពីន ព្រមទាំងបន្ថែមថា រិតតែស្អាតអស្ចារ្យ គឺស្រីៗតែម្តង៕
ឱ ពូវីល្លៀម!
អត្ថបទ៖ ស្ទីវិន សាន់