រដ្ឋមន្ត្រីកសិកម្ម លោក ឌិត ទីណា កោតសរសើរបងប្អូនប្រជាពលរដ្ឋនៅឃុំស្រែរនោង ស្រុកត្រាំកក់ ដែលផលិតពងទាកូនប្រកបដោយឱជារសឆ្ងាញ់

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានលើកឡើងថា កាលណានិយាយអំពី “ពងទាកូនឆ្ងាញ់” អ្នកណាក៏នឹកដល់ “ពងទាកូនស្រែរនោង” នៅខេត្តតាកែវយេីងដែរ។ សូមកោតសរសើរបងប្អូនប្រជាពលរដ្ឋនៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ទាំង១៩ក្រុម ដែលរួមគ្នាផលិតពងទាកូនប្រកបដោយឱជារស។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ឌិត ទីណាបានឲ្យដឹងថា ដើម្បីឱ្យពងទាកូនមានតម្លៃកាន់តែល្អ ព្រមទាំងមានការពេញនិយមគាំទ្រពីអ្នកទទួលទានកាន់តែច្រេីនថែមទៀត សូមបងប្អូនបន្តរៀបចំញែកពងទាកូនតូច ល្មម និងធំ ឱ្យត្រូវទៅតាមចំណូលចិត្តរបស់អតិថិជន ព្រមទាំងយកចិត្តទុកដាក់លេីរបៀបស្ងោរពងទាកូនផងដែរ ។
ទន្ទឹមនិងនោះ លោក ឌិត ទីណា សូមលើកទឹកចិត្តឱ្យបងប្អូន ខិតខំស្វែងយល់បន្ថែមពីតម្រូវការទីផ្សារ និងផលិតពងទាកូននៅក្នុងកម្រិតមួយដែលអាចរក្សាបាន ទាំងគុណភាព ទាំងតម្លៃ និងទាំងកេរ្តិ៍ឈ្មោះពងទាកូនឆ្ងាញ់ស្រែរនោងយេីង៕
