ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ក្នុងទស្សនវិស័យដើម្បីរួមចំណែក កាត់បន្ថយភាពភាពក្រីក្រ គឺទាមទារការបង្កើតឱកាសការងារបន្ថែមទៀត ក្នុងនោះមានកិច្ចការចម្បងចំនួន ៣

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ក្នុងទស្សនវិស័យដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពភាពក្រីក្រ គឺទាមទារនូវការបង្កើតឱកាសការងារបន្ថែមទៀត ដែលក្នុងនោះមានកិច្ចការចម្បងចំនួន ៣ ។
ក្នុងឱកាសអញ្ជើញសម្ពោធជាផ្លូវការ រោងចក្រផលិតកេសកាតុង អូជី ភែកឃិជីង (ខេមបូឌា) ឯ.ក នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងទស្សនវិស័យដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពភាពក្រីក្រ គឺទាមទារនូវការបង្កើតឱកាសការងារបន្ថែមទៀត ដែលក្នុងនោះមានកិច្ចការចម្បងចំនួន ៣ ដែលត្រូវជម្រុញ៖
ទី១. បរិមាណនៃឱកាសការងារដែលលាតសន្ធឹងពីទីក្រុងរហូតដល់ជនបទ ស្របទៅតាមសក្តានុពលអំណោយផលនៃទីតាំងនីមួយៗ។
ទី២. ការលើកកម្ពស់គុណភាពនៃអាជីវកម្ម និងវិនិយោគនៅកម្ពុជា តាយរយៈការរៀបចំឱ្យមានយុទ្ធសាស្រ្តច្បាស់លាស់ និងយូរអង្វែង ដើម្បីអភិវឌ្ឍនៅនឹងកន្លែង, តាមរយៈការផ្តល់ឱកាសឱ្យកម្មករ-និយោជិត ទទួលបានបៀវត្សល្អ និងឱកាសក្នុងការបង្កើនសមត្ថភាព, ការផ្តល់ការការពារផ្នែកសិទ្ធសេរីភាព, ការយកចិត្តទុកដាក់លើការគាំពារសុខុមាលភាពបស់កម្មករ-និយោជិត និងការនាំចូលនូវបច្ចេវិទ្យាទំនើប ព្រមជាមួយនឹងបែបបទស្តង់ដារការងារថ្មី។
ទី៣. ការវិនិយោគដែលមានលក្ខណៈសមធម៌ ដោយសង្កត់ធ្ងន់ទៅលើភាពសុខុដុមរមនារវាងនិយោជក និងនិយោជិត ដែលជាតួអង្គចម្បងក្នុងការរុញសង្វាក់ផលិតកម្មក្នុងវិស័យឯកជន ឱ្យបោះជំហានទៅមុខប្រកបដោយចីរភាព និងនិរន្តរភាព ៕
