ឯកឧត្ដម ស្វាយ សំអ៊ាង និងឯកឧត្ដម ឈាង ឡាក់ នាំយកអំណោយរបស់រាជរដ្ឋាភិបាលផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀងចំនួន ២៧២គ្រួសារ ក្នុងក្រុងស្ទឹងត្រែង និងស្រុកសៀមបូក

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងឯកឧត្ដម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្ត នាព្រឹកថ្ងៃចន្ទ ១៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ បាននាំយកស្បៀងអាហារ ជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំសម្ដេចតេជោ នាយករដ្ឋមន្រ្តី ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងក្រុងស្ទឹងត្រែង ចំនួន ២សង្កាត់ ស្មើនឹង ១៧០គ្រួសារ និងស្រុកសៀមបូក ចំនួន ៤ឃុំ ស្មើនឹង ១០២គ្រួសារ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក កម្លាំងប្រដាល់អាវុធទាំងបីប្រភេទ និង លោក លោកស្រី ដែលជាប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តជាច្រើនរូប។
មានប្រសាសន៍ក្នុងពិធី ឯកឧត្តម ស្វាយ សំអ៊ាង បានបញ្ជាក់ថា អំណោយដែលបាននាំយកមកចែកជូនបងប្អូនដែលរងគ្រោះសារទឹកជំនន់ នៅពេលនេះ គឺជាអំណោយសង្គ្រោះបន្ទាន់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងគិតគូរខ្ពស់ពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា។
សូមបញ្ជាក់ផងដែរថា អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋក្នុងឱកាសនោះរួមមាន៖ ទឹកបរិសុទ្ធវីតាល់ ០១កេស, អង្ករ ២៥គីឡូក្រាម, មីជាតិ ០១កេស, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ និងទឹកស៊ីអ៊ីវ ០១យួរ៕

