សម្តេចតេជោ៖ វិបត្តិកូវីដ១៩ បានធ្វើឲ្យឌីជីថល នៅក្នុងវិស័យនានា រួមទាំងការសិក្សាផង មានការរីកចម្រើន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា វិបត្តិជំងឺកូវីដ-១៩ បានធ្វើឲ្យឌីជីថល នៅក្នុងវិស័យនានា រួមទាំងការសិក្សាផង មានការរីកចម្រើន ។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែនបានថ្លែងការកោតសរសើរ ដល់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានប្រឹងប្រែងជម្នះការលំបាកជាមួយនឹងជំងឺកូវីដ-១៩ ដើម្បីធានាបានការសិក្សាអប់រំប្រកបដោយភាពជោគជ័យ។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់គ្រឹះស្ថានអប់រំទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺជាខួបមួយឆ្នាំ ដែលកម្ពុជាបើកសេដ្ឋកិច្ចឡើងវិញ ក្រោយយកឈ្នះលើការរាតត្បាតជំងឺកូវីដ-១៩ ហើយក៏ជួយសេដ្ឋកិច្ចកម្ពុជា មានកំណើនឡើងវិញផងដែរ។
សម្តេចតេជោ បានមានប្រសាសន៍ពីការវិវឌ្ឍន៍ដ៏ល្អក្នុងវិស័យអប់រំ ដោយបានគូសបញ្ជាក់ថា ការវិវឌ្ឍន៍ដ៏ល្អនេះ ដោយសារតែកម្ពុជាមានសុខសន្តិភាព បើគ្មានសន្តិភាព កុំនិយាយដល់ការអភិវឌ្ឍន៍ ហើយបើគ្មានធធាននុស្ស ក៏គ្មានការអភិវឌ្ឍន៍ដែរ ៕
