ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម Xi Jinping ប្រជាជនចិននឹងកាន់តែមានការរីកចម្រើន ទទួលបានការគោរពខ្លាំងក្លាថែមទៀត ពីពិភពលោក

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងជាប្រធានគណៈកម្មាធិការសម្របសម្រួលរដ្ឋាភិបាលកម្ពុជា-ចិន សូមចូលរួមអបអរសាទរ ជាមួយប្រជាជនចិន ក្នុងការដែលឯកឧត្តម Xi Jinping ត្រូវបានបក្សកម្មុយនីស្តចិន ផ្តល់ការទុកចិត្តឲ្យបន្តដឹកនាំ ក្នុងអាណត្តិថ្មីបន្តទៀត ដោយឯកឧត្តមជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម Xi Jinping ប្រជាជនចិននឹងកាន់តែមានការរីកចម្រើន ទទួលបានការគោរពខ្លាំងក្លាថែមទៀតពីពិភពលោក។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍បែបនេះ ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ជូនវិទ្យុមិត្តភាពកម្ពុជា-ចិន កាលពីព្រឹកថ្ងៃទី២៦ តុលា ២០២២។
«ខ្ញុំសូមអបអរសាទរ ដែលបក្សកម្មុយនីស្តចិន ប្រជាជនចិន ប្រគល់អាណត្តិជូនឯកឧត្តម Xi Jinping ខ្ញុំសូមរួមចំណែកអបអរសាទរជាមួយប្រជាជនចិន ជាមួយបក្សកម្មុយនីស្តចិន ចំពោះឯកឧត្តម Xi Jiping ដែលបានទទួលអាណត្តិថ្មី ដឹកនាំប្រទេសចិនថែមទៀត ហើយខ្ញុំសង្ឃឹមជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្ត Xi Jiping ទាំងនៅក្នុងផ្ទៃក្នុង ការរីកចម្រើនរបស់ប្រជាជន ការរិកចម្រើនរបស់ប្រទេសចិន លើគ្រប់វិស័យ ព្រមទាំងការការពារសន្តិសុខ សន្តិភាព របស់ប្រទេសចិន លើសកលោក…ខ្ញុំជាអ្នកចុះហត្ថលេខាលើផែនការ ៥ឆ្នាំ ដើម្បីកសាងសហគមន៍វាសនារួម ខ្ញុំសូមរួមចំណែកជូន ឯកឧត្តម Xi Jinping នូវការគោរព សរសើរ និងអបអរសាទរ ជាទីបំផុត ចំពោះឯកឧត្តម Xi Jinping ដែលទទួលបានការទុកចិត្ត របស់បក្សកម្មុយនីស្តចិន ប្រគល់អាណត្តិជាថ្មីម្តងទៀត ដើម្បីដឹកនាំប្រទេសចិន ឈានទៅមុខ កាន់តែខ្លាំងក្លា ថែមទៀត កាន់តែជឿនលឿនថែមទៀត កាន់តែមានការគោរពខ្លាំងក្លាយថែមទៀត ពីសកលលោក»
ចំពោះការយល់ឃើញពីបក្សកម្មុយនីស្តចិន ឯកឧត្តមបានកោតសរសើរថា៖
«គណបក្សកម្មុយនីស្តចិនគឺជាគណបក្សនយោយបាយ គោរពសិទ្ធិរបស់ប្រជាជនចិន ធ្វើឲ្យប្រជាជនមានការរីកចម្រើន ក្នុងការរស់នៅ គោរពសិទ្ធិរបស់ប្រជាជនចិន ធ្វើឲ្យប្រទេសចិនមានការគោរព នៅក្នុងសកលលោក»។
ចំពោះសមាជបក្សកម្មុយនីស្តចិន លើកទី២០ នាពេលថ្មីៗនេះ ឯកឧត្តម បានចាប់អារម្មណ៍ថា៖ «ចំណាប់អារម្មណ៍ទីមួយរបស់ខ្ញុំ គឺឯកឧត្តម Xi Jinping បានកសាងប្រទេសចិន ជាមហាអំណាចសេដ្ឋកិច្ចទី២ នៅក្នុងលោក បានបំបាត់ភាពក្រីក្រ របស់ប្រជាជនចិន…ឯកឧត្តម Xi Jinping ប្រឆាំងនឹងនិន្ននាការសង្គ្រាមត្រជាក់ជាថ្មី នេះគឺជាការសំខាន់បំផុត ឯកឧត្តម Xi Jinping ក៏បានប្រកាសថា ធ្វើការអភិវឌ្ឍបៃតង ជាការសំខាន់ណាស់ »
ឯកឧត្តម ហោ ណាំហុង ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន ដែលបន្តទទួលបានផ្លែផ្កាដ៏ចម្រុងចម្រឿន យ៉ាងដូច្នេះថា «ខ្ញុំសូមនិយាយថា ទំនាក់ទំនងកម្ពុជា-ចិនជាទំនាក់ទំនងមិត្តភាពដ៏យូរលង់មកហើយ ទំនាក់ទំនងជាបងប្អូន ហើយយើងមានផែនការ ៥ឆ្នាំ (២០១៩ដល់ ២០២៣) កសាងសហគមន៍វាសនារួម តាំងពីឆ្នាំ២០១០ យើងបានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយគ្រប់ទិដ្ឋភាពទាំងអស់ ក្នុងការអភិវឌ្ឍន៍នៅកម្ពុជាសព្វថ្ងៃនេះ មិនអាចកាត់ផ្តាច់ពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន មិនអាចកាត់ផ្តាច់ពីជំនួយរបស់ចិន ដល់កម្ពុជាទេ ។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះវិនិយោគចិននៅកម្ពុជា ដែលឈរលើលំដាប់ទី១ ជាការវិនិយោគច្រើនជាងគេបំផុត នៅកម្ពុជា ហើយក៏បានជួយកម្ពុជាយ៉ាងច្រើនបំផុត លើខាងហេដ្ឋារចនាសម្ព័ន្ធក្នុងក្របខណ្ឌខ្សែក្រវាត់និងផ្លូវ ឧទាហរណ៍ ដូចជា ផ្លូវនៅកម្ពុជាល្អៗ ថ្មីៗ ជាង៣ពាន់គីឡូម៉ែត្រហើយ ដែលមិត្តចិនបានធ្វើជូនកម្ពុជា ហើយស្ពានឆ្លងកាត់ទន្លេសាប ឆ្លងកាត់ទន្លេមេគង្គ ចំនួន៨ហើយ ដែលត្រូវបានជួយកសាងដោយមិត្តចិន ជូនកម្ពុជា ដូច្នេះ មិត្តភាពកម្ពុជា ខ្ញុំសូមវាយតម្លៃ យ៉ាងខ្ពស់បំផុត អំពីឯកឧត្តម ប្រធានាធីបតី Xi Jinping បានប្រកាសជូនសម្តេចតេជោ ហ៊ុន សែនថា មិត្តកម្ពុជាគឺជាមិត្តដែកថែប ហើយពាក្យថា មិត្តដែកថែបនេះ គឺសរុបទាំងអស់ មានន័យថា ជាមិត្តដែលមិនអាចរង្គោះ រង្គើ រលំរលាយ បន្តបន្ទាប់ ជាអមតៈ»។
ទាក់ទងនឹងគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់បន្ថែមទៀតថា «ខ្សែក្រវាត់និងផ្លូវ ដូចដែលខ្ញុំបានជម្រាបមុននេះ គឺបានជួយកសាងផ្លូវជាង៣ពាន់គីឡូម៉ែត្រហើយ នៅកម្ពុជា ហើយឥលូវនេះ ទើបកសាងថ្មីៗ ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅទីក្រុងព្រះសីហនុ កសាងវាលយន្តហោះថ្មី នៅខេត្តសៀមរាប ហើយនឹងទៅថ្ងៃមុខទៀត យើងមានផែនការ ដែលកន្លងមក ខ្ញុំបានប្រជុំជាមួយឯកឧត្តម Wang Yi ក្នុងក្របខណ្ឌគណៈកម្មការសម្របសម្រួល ទំនាក់ទំនងរវាងកម្ពុជាចិន ក្នុងក្របខណ្ឌជាមិត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយក៏មានគម្រោង ផែនការមួយចំនួនទៀត ក្នុងក្របខណ្ឌ ផ្លូវ និងខ្សែក្រវាត់ កសាងកម្ពុជាបន្តទៀត»«ក្នុងពេលអនាគត ខ្ញុំសូមនិយាយយ៉ាងខ្លីថា យើងនឹងបន្តសហប្រតិបត្តិការមិត្តដែកថែបរវាងកម្ពុជានិងចិន លើគ្រប់វិស័យ យើងសង្ឃឹមថា ប្រទេសចិន នឹងធ្វើការវិនិយោគកាន់តែច្រើនឡើង នៅកម្ពុជា ហើយមិត្តចិននឹងទិញកសិផលកម្ពុជា ទំនិញកម្ពុជាកាន់តែច្រើនឡើងទៀត ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែមានការរីកចម្រើនឡើង ហើយខ្ញុំសូមអបអរសាទរ ប្រទេសចិនដែលបានទិញកសិផលកម្ពុជាច្រើនណាស់ បានជួយដល់កសិកម្មកម្ពុជា កើនឡើង ដូចជា ចេក ស្វាយខ្ចី ផ្លែមៀន គូលែនទៀត ទិញកៅស៊ូ គ្រាប់ស្វាយចន្ទី ទិញច្រើនមុខណាស់ ពីកម្ពុជា។»
ទាក់ទងការលើកឡើងរបស់ ប្រធានរដ្ឋចិន Xi Jinping អំពី «ទំនើបកម្មបែបផែនចិន» ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា៖
«ទំនើបកម្ម គឺធ្វើសង្គមនិយម តាមរបៀបចិន គឺមានលទ្ធប្រជាធិបតេយ្យ គោរពសិទ្ធិរបស់ប្រជាជនចិន ធ្វើឲ្យប្រជាជនមានការលូតលាស់ ស្មើភាពគ្នា ធ្វើឲ្យប្រជាជនចិន មានការគោរពនៅក្នុងសកលលោក… ប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជា កម្ពុជា ក៏អាចរៀនសូត្រពីប្រទេសចិន ធ្វើការអភិវឌ្ឍ ដោយរំពឹងលើកម្លាំងរបស់ប្រជាជន រំពឹងលើកម្លាំងរបស់ជាតិខ្លួនឯង គោរពឲ្យបានពេញលេញ នូវឯករាជ្យ អធិបតេយ្យភាពរបស់ប្រទេសយើង ដូចជាប្រទេសចិន ជាគំរូរបស់ចិន ធ្វើការឈានទៅមុខយ៉ាងខ្លាំងក្លា ទៅជាមហាអំណាចសេដ្ឋកិច្ចទី២ មានការគោរពលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនចិន ធ្វើឲ្យប្រជាជនចិន ផុតពីភាពក្រីក្រ មានភាពស្មើភាពគ្នា ដូច្នេះ ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជា កម្ពុជា ក៏អាចរៀនសូត្រពីគំរូនយោបាយចិនផងដែរ»៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)
