ព្រឹកស្អែក! សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចែកស្រូវពូជជូនកសិករជាង៣ពាន់គ្រួសារ នៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ស្អែកនេះ នឹងអញ្ជើញចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាកសិករ ៣,៤៦០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ដោយគ្រួសារនីមួយៗទទួលបានស្រូវពូជទម្ងន់ ១០០គីឡូក្រាម ព្រមទាំងស្បៀងអាហារ និងថវិកាមួយចំនួនផងដែរ។
បើតាមឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គ្រោះទឹកជំនន់ពីទន្លេ បណ្ដាលឱ្យប៉ះពាល់ដល់ដំណាំស្រូវ របស់ ប្រជាជនមានចំនួន៥ស្រុក រួមមានស្រុកបរិបូណ៌ ស្រុកជលគីរី ស្រុកកំពង់លែង ស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ។ ប៉ះពាល់ប្រជាកសិករចំនួន ៣,៤៦០គ្រួសារ បង្កឱ្យខូចខាតដំណាំស្រូវលើផ្ទៃដីសរុបចំនួន ២,៦១០ហិកតា ស្មើនឹង ១.៨០% នៃផ្ទៃដីដាំដុះដំណាំស្រូវសរុបទូទាំងខេត្ត។ តែទោះយ៉ាងណា ផ្ទៃដីខូចខាតទាំងនោះអាចស្តារឡើងវិញបានទាំងអស់។
ទឹកជំនន់នេះ បង្កឱ្យប៉ះពាល់លំនៅដ្ឋានប្រជាជនសរុបចំនួន ៦ក្រុង/ស្រុក ២៩ឃុំ សង្កាត់ ៩៧ភូមិ ស្មើនឹង ១១,៤៧៩គ្រួសារ ក្នុងនោះមាន ៧៩៤គ្រួសារ បានជម្លៀសទៅផ្ទះសាច់ញាតិ និងទីទួលសុវត្ថិភាព នៅក្នុងហេតុការណ៍នេះ មិនមានរងគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។
ទន្ទឹមនឹងប្រជាពលរដ្ឋរងការជន់លិចនេះ អាជ្ញាធរមិនបានព្រងើយកន្តើយនោះឡើយ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំជួយជម្លៀសរកទីទួលសុវត្ថិភាព និងផ្តល់ជាស្បៀងអាហារផ្សេងៗ ដើម្បីដោះស្រាយការលំបាក។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានចំណាយពេលប្រមាណជិតមួយសប្តាហ៍ ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋក្នុងខេត្តចំនួន៥៕

