សម្តេចតេជោហ៊ុន សែន ក្រើនរំលឹកដល់មន្រ្តីទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង បន្តយកចិត្តទុកដាក់បង្ក្រាបបទល្មើសចោរប្លន់ និងការជួញដូរគ្រឿងញៀន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។
សម្ដេចបានលើកឡើងបែបនេះ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ ក្នុងពេកអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ឆ្នាំង។
សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ/សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា ដែលនាំឱ្យថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោក៏បានថ្លែងដោយក្តីមោទនភាពចំពោះភាពជោគជ័យនៃការទប់ស្កាត់ជំងឺកូវិដ-១៩ របស់ប្រទេសកម្ពុជា តាមរយ:យុទ្ធសាស្ត្រចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ដែលធ្វើអោយកម្ពុជាមានឱកាសបើកដំណើរការប្រទេសជាតិឡើងវិញ។ ទាំងអស់នេះដោយសារតែការខិតខំរបស់ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នា ក្នុងការទប់ស្កាត់ការចំលងនៃជំងឺកូវីដ-១៩។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។
សម្ដេចបន្តថា ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ គឺត្រូវឈរនៅកណ្ដាលជានិច្ច។
សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ឆ្នាំងដែលបានរួមសហការគ្នា អភិវឌ្ឍខេត្តមួយនេះអោយទទួលបាននូវការការរីកចម្រើនជាបន្តបន្ទាប់៕

