ឯកឧត្តម សុខ ចិន្តាសោភា៖ «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» ដែលលើកឡើងដោយប្រធានរដ្ឋចិន រម្លឹកពីការប្តេជ្ញាចិត្តជាសកល ដើម្បីចាកផុតពីភាពក្រីក្រទាំងអស់គ្នា

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ជូនដល់វិទ្យុមិត្តភាពកម្ពុជា-ចិន នាថ្ងៃទី២៥ តុលា ២០២២ បានមានប្រសាសន៍ថា កាលពីខែកញ្ញា អំឡុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងពីគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់មួយ នោះគឺ «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល»។
ឯកឧត្តមថា ឯកឧត្តមបានតាមដានការថ្លែងរបស់ប្រធានរដ្ឋចិន ហើយយល់ឃើញថា «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» គឺជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ ឆ្លើយតបនឹងការប្តេជ្ញាចិត្តរបស់ពិភពលោក ទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដែលមានចំណុច ជាគន្លឹះធំៗ ដូចជា ការកាត់បន្ថយភាពក្រីក្រ, សន្តិសុខស្បៀង, សុខភាពមនុស្សជាតិ, ការអប់រំ និង ប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ដែលសុទ្ធតែជាចំណុចសំខាន់ណាស់សម្រាប់សកលលោក។
ក្នុងនាមជាមន្ត្រីបច្ចេកទេសលើកិច្ចការងារអភិវឌ្ឍន៍នេះ ឯកឧត្តម បានមានប្រសាសន៍ថា ប្រទេសនៅលើសកលលោកទាំងអស់ ក៏ដូចជា គ្រប់សមាជិកអង្គការសហប្រជាជាតិបានឯកភាពគ្នា កាលពីឆ្នាំ២០១៥ថា បានកំណត់គោលដៅមួយ នៅឆ្នាំ២០៣០ ឲ្យឈានទៅដល់គោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDG) ហើយគោលដៅនេះបានកំណត់វិធានការ ចំនួន១៧ ក្នុងនោះ ផ្តោតលើការខិតខំរួមដៃ សហការគ្នា កាត់បន្ថយភាពក្រីក្រ ជាពិសេស ជួយប្រទេសកំពុងក្រីក្រ ឲ្យចាកផុតពីភាពក្រីក្រ ធានាថា ពិភពលោកមានសន្តិសុខស្បៀង ធានាប្រព័ន្ធសុខាភិបាលមានភាពកាន់តែល្អប្រសើរ ដើម្បីឲ្យមនុស្សជាតិមានសុខភាពល្អ ធានានូវការអប់រំប្រកបដោយគុណភាព ព្រមទាំងវិធានការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ តាមរយៈទប់ស្កាត់ការបំពុលបរិស្ថាន។ ដូច្នេះ គំនិតផ្តួចផ្តើមនេះគឺហាក់បីដូចជាការកំណត់រួម របស់អង្គការសហប្រជាជាតិថា នៅឆ្នាំ២០៣០ ត្រូវសម្រេចគោលដៅនេះ ជាការរម្លឹកពីការប្តេជ្ញាចិត្តជាសកល ដើម្បីចាកផុតពីភាពក្រីក្រទាំងអស់គ្នា។
«អ្វីដែលឯកឧត្តម ប្រធានរដ្ឋចិនបានលើកឡើង គឺជាការរម្លឹកពីការប្តេជ្ញាចិត្ត របស់សមាជិកអង្គការសហប្រជាជាតិទាំងអស់ថា សូមកុំភ្លេចថា យើងបានកំណត់គោលដៅ ហើយក្នុងគំនិតផ្តួចផ្តើមនេះ…មានអ្វីមួយដែលសំខាន់នោះ ដែលលោកប្រធានរដ្ឋចិនបានលើក គឺដើម្បីឈានទៅដល់គោលដៅដែលយើងបានកំណត់ នៅឆ្នាំ២០៣០នោះ គឺទាមទារសហប្រតិបត្តិការ ទាមទារភាពជាដៃគូ អត់មាននរណាធ្វើម្នាក់ឯងបានទេ ពោលគឺចង់ឲ្យឃើញមានការជួយគ្នាទៅវិញទៅមក។ ក្នុងគំនិតនេះ មានន័យថា យើងមានការប្រឈមនៅលើពិភពលោកនេះ ដំណោះស្រាយគឺការចាប់ដៃគ្នា ភាពជាដៃគូសហការ ការបង្គ្រប់គ្នា មួយពូកែធ្វើនេះ មួយពូកែធ្វើនោះ ។ល។ ដូច្នេះហើយបានជាខ្ញុំនិយាយថា ខ្ញុំបានតាមដាន ខ្ញុំបានឃើញខ្លឹមសារ ហើយខ្ញុំក៏បានលើកថា តើមានអ្នកណាទៅអាចបដិសេធថា គំនិតផ្តួចផ្តើមមិនត្រឹមត្រូវនោះ? ព្រោះជាការរម្លឹក នៃការប្តេជ្ញាចិត្តរបស់សមាជិកអង្គការសហប្រជាជាតិទាំងអស់ ដូច្នេះ នេះគឺជាគំនិតផ្តួចផ្តើមល្អប្រសើរមួយ ដែលនេះបង្ហាញពីឆន្ទៈរបស់មហាអំណាចសេដ្ឋកិច្ចរម្លឹកថា សូមកុំភ្លេចឲ្យសោះថា បញ្ហាមាន តែដំណោះស្រាយគឺតាមរយៈការចាប់ដៃគ្នា កិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីដោះស្រាយ»។
ក្នុងនាមជារដ្ឋមន្ត្រី អមនាយករដ្ឋមន្ត្រី ហើយក៏ធ្លាប់បានចូលរួមក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំរវាងប្រទេសកម្ពុជានិងចិន ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសង្កេតឃើញថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពីមួយឆ្នាំ ទៅមួយឆ្នាំ គឺកាន់តែជិតស្និទ្ធជាបន្តបន្ទាប់ ហើយសង្ឃឹមថា ទៅថ្ងៃខាងមុខ មិត្តភាពនិងកិច្ចសហប្រតិបត្តិការនេះ នឹងកាន់តែមានភាពខ្លាំងក្លាបន្ថែមទៀត ជាក់ស្តែងបានឃើញតាមរយៈការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាលពីពេលថ្មីៗនេះ ជាដើម។
«ក្រៅពីការវិនិយោគដើម្បីបង្កើតការងារ ក៏មានការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់ ដូចជា ផ្លូវថ្នល់ ស្ពាន ថាមពល វារីអគ្គិសនី ដែលទាំងនេះគឺជាកត្តាចំបង ដើម្បីឲ្យគ្រប់ប្រទេសធ្វើការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចបាន ដូច្នេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះការវិនិយោគពីសំណាក់ក្រុមហ៊ុនចិន ក៏ដូចជា ការផ្តល់ហិរញ្ញប្បទាន ឬជំនួយ មកដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីយើងខ្ញុំបានសាងសង់ផ្លូវ ស្ពាន និងប្រព័ន្ធអគ្គិសនី ។ល។ ជាក់ស្តែង ក្នុងមួយខែតុលានេះ មានបងប្អូនមួយចំនួនបានសាកល្បងធ្វើដំណើរទៅខេត្តព្រះសីហនុ ដោយប្រើប្រាស់ផ្លូវល្បឿនលឿន ភ្នំពេញ ខេត្តព្រះសីហនុ នេះគឺជាគម្រោងដ៏ធំមួយរបស់ក្រុមហ៊ុនចិន ហើយផ្លូវនេះនឹងធ្វើឲ្យមានការជំរុញថែមទៀត លើសកម្មភាពសេដ្ឋកិច្ច ជាពិសេស ទេសចរណ៍នៅតាមតំបន់ឆ្នេរសមុទ្រ…. អ្វីដែលខ្ញុំចង់លើកឡើងគឺថា ការចូលរួមរបស់រដ្ឋាភិបាលចិន ក៏ដូចជា ពីសំណាក់ក្រុមហ៊ុនចិន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបានចូលរួមធំធេងណាស់ ក្នុងការអភិវឌ្ឍ កន្លងមក នៅពេលនេះ និងពេលអនាគត សម្រាប់សង្គមសេដ្ឋកិច្ច» ។
រហូតមកដល់ខែតុលា ឆ្នាំ២០២២នេះ ប្រទេសចិននៅតែជាប្រទេសប្រភពវិនិយោគធំជាងគេរបស់កម្ពុជា នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយបញ្ជាក់ដែរថា ក្នុងរយៈពេលប្រាំបួនខែ ដើមឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានយល់ព្រមនូវសំណើវិនិយោគ ចំនួន១៥០ គម្រោង ដែលកើនឡើង ចំនួន១៦គម្រោង បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ហើយទំហំវិនិយោគក៏កើនឡើង ប្រហែល ១០០លានដុល្លារផងដែរ៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

