ឯកឧត្ដម សេរី ជំនះ អញ្ជើញបើកកិច្ចប្រជុំបូកសរុប ចលនាប្រឡងប្រណាំង៣ល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ឆ្នាំ២០២២

ភ្នំពេញ៖ នាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៥ តុលា បានរៀបចំពិធីបើកកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ក្រោមអធិបតីភាព ឯកឧត្ដម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជាទូទាំង ២៥រាជធានី-ខេត្ត សរុបចំនួន ២៩៧រូប។
គួរបញ្ជាក់ថា កម្មវិធី៣ល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ជាវេទិកាអប់រំយុវជន និងកុមារ តាមរយៈការបណ្ដុះគំនិតធ្វើការងារជាក្រុម ដោយផ្សារភ្ជាប់ទៅនឹងការសិក្សារបស់ក្មួយៗកុមារ និងយុវជន នៅតាមសាលារៀន បណ្ដុះស្មារតីឧស្សាហ៍ព្យាយាម ខិតខំរៀនសូត្រ បង្កើនចំណេះដឹង ចំណេះធ្វើ ព្រមទាំងស្រឡាញ់រាប់អានគ្នាដូចបងប្អូន ដើម្បីឱ្យយុវជនមានទម្លាប់ល្អក្នុងគ្រួសារ សាលារៀន និងសង្គម ព្រមទាំងអាចក្លាយជាអ្នកដឹកនាំនាពេលអនាគត៕

