គណៈប្រតិភូក្រុមមិត្តភាពសភារ៉ូម៉ានី-កម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ភ្នំពេញ៖ គណៈប្រតិភូក្រុមមិត្តភាពសភារ៉ូម៉ានី-កម្ពុជា ដឹកនាំដោយ ឯកឧត្តម Nicu Nita ប្រធានក្រុមមិត្តភាពសភារ៉ូម៉ានី-កម្ពុជា បានអញ្ជើញមកដល់កម្ពុជា នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២១-២៦ ខែតុលា ឆ្នាំ២០២២។
ដំណើរមកដល់របស់គណៈប្រតិភូ បានទទួលស្វាគមន៍ពី ឯកឧត្តម ឈឹម ម៉ា តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងជាសមាជិកក្រុមមិត្តភាពសភាកម្ពុជា-រ៉ូម៉ានី និងឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប។
ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប និងទស្សនាប្រាង្គប្រាសាទខ្មែរ មុននឹងបន្តដំណើរមកកាន់រាជធានីភ្នំពេញ។
តាមកម្មវិធីគ្រោងទុក ឯកឧត្តម Nicu Nita នឹងចូលជួបសម្តែងការគួរសមជាមួយ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-រ៉ូម៉ានី និងជួបសម្តែងការគួរសមជាមួយក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

