កម្រងរូបភាពនៃ ពិធីផ្ទេរតំណែងរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលមិញ

ភ្នំពេញ៖ ដោយភ្ជាប់ជាមួយរូបភាព ប្រមាណជាង ២០សន្លឹក ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី បានសរសេរសារបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ក្នុងន័យដឹមទាំងស្រុងដូចខាងក្រោម៖
រូបថតច្រើនបន្តិច ដោយសារតែខ្ញុំមានឱកាសបានទទួល វត្តមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ព្រមទាំងឯកឧត្តមរដ្ឋមន្ដ្រីរៀមច្បងនៅក្នុងវិស័យពាក់ព័ន្ធ និងវិស័យដទៃទៀត ដែលបានផ្ដល់កិត្តិយសចូលរួមនៅក្នុងពិធីនេះ ដើម្បីចូលរួមអបអរសាទរ ក៏ដូចជាផ្ដល់អនុសាសន៍ និងការណែនាំដល់រូបខ្ញុំ សម្រាប់តួនាទីថ្មីដ៏សំខាន់នេះ។
ដូចដែលខ្ញុំបានលើកឡើងរួចហើយកាលពីថ្ងៃម្សិលមិញថា តួនាទីនេះ និយាយដោយឡែក និងតួនាទីទូទៅ និយាយជារួម រមែងភ្ជាប់មកជាមួយនូវការទទួលខុសត្រូវជាចាំបាច់។ នេះគឺជាការធានារបស់ខ្ញុំ នៅចំពោះមុខថ្នាក់ដឹកនាំ និងមន្ដ្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំងមូល។

