សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានពន្យល់អំពីទិដ្ឋភាពផ្លូវច្បាប់មួយចំនួនប្រាប់ក្រុមប្រឆាំងផ្កាប់មុខជុំវិញការតែងតាំង ឬដកសមាជិករាជរដ្ឋាភិបាល

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាល្ងាចថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២២ បានលើកឡើងអំពីទិដ្ឋភាពផ្លូវច្បាប់មួយចំនួនប្រាប់ក្រុមប្រឆាំងផ្កាប់មុខ ជុំវិញការតែងតាំង ឬដកសមាជិករាជរដ្ឋាភិបាលនោះ។
សម្ដេចតេជោបានសរសេរនៅលើផេកផ្លូវការថា ដើម្បីចូលរួមចំណែកជួយក្រុមប្រឆាំងផ្កាប់មុខ ឱ្យមានចំណេះដឹងដែលអាចឈានទៅកាន់អំណាចនៅជាតិក្រោយ។ សូមអស់លោកបើកមើលមាត្រាទី២១ ជំពូក២នៃរដ្ឋធម្មនុញ្ញដែលចែងអំពីព្រះមហាក្សត្រ។
សម្ដេចតេជោ បានបន្តថាបន្ទាប់ទៅសូមអានមាត្រាទី២០ជំពូកទី៣ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។
សម្ដេចតេជោ បានគូសបញ្ជាក់ថា ដោយសារតែខ្វះការចេះដឹង ទើបបានតែចេះតែជាប់គុក និងរត់ចោលស្រុក ហើយមកចោទគេថាផ្តាច់ការ។ គប្បីប្រឹងរៀនសូត្របន្ថែមដើម្បីឈានទៅកាន់អំណាចនៅជាតិក្រោយ និងសូមកុំវក់ជាមួយល្បែងច្រើនពេក។
សម្ដេចតេជោបានបន្ថែមថា[នេះជាបំណងល្អរបស់ខ្ញុំ សម្រាប់ក្រុមល្ងង់]។
គួរបញ្ជាក់ដែរថា ការលើកឡើងអំពីទិដ្ឋភាពច្បាប់នេះ បន្ទាប់ពីក្រុមប្រឆាំងបានរិះគន់សម្តេច ពាក់ព័ន្ធទៅនឹងការបញ្ចប់តំណែងឯកឧត្ដម វេង សាខុន ពីរដ្ឋមន្ត្រីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដោយក្រុមប្រឆាំងលើកឡើងថា ការដកនេះត្រូវឆ្លងកាត់ការបោះឆ្នោតពីសភា។ ចំពោះ មាត្រា២១ នៃរដ្ឋធម្មនុញ្ញបានចែងថា តាមសេចក្ដីស្នើ របស់គណៈរដ្ឋមន្ត្រី ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខា លើព្រះរាជក្រឹត្យ តែងតាំងផ្លាស់ប្ដូរ ឬ បញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ស៊ីវិល និងយោធា ឯកអគ្គរាជទូត និងប្រេសិត វិសាមញ្ញ និងពេញសមត្ថភាព។ ដោយឡែកមាត្រា២០នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី បានចែងថា នាយករដ្ឋមន្ត្រីលើកសំណើថ្វាយព្រះមហាក្សត្រ ដើម្បីបញ្ចប់មុខតំណែងសមាជិករាជរដ្ឋាភិបាលតាមព្រះរាជក្រឹត្យ។។

