សម្ដេចតេជោ៖ គ្រូបង្រៀន ត្រូវបានចាត់ទុកជាមាតាបិតាទីពីរ ដែលផ្តល់ការអប់រំទាំងចំណេះវិជ្ជា និងអត្តចរិតដល់កុលបុត្រ កុលធីតា ជាទំពាំងស្នងឬស្សី

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាគ្រូបង្រៀន ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា គ្រូបង្រៀនត្រូវបានចាត់ទុកជាមាតាបិតាទីពីរ ដែលបានផ្តល់ការអប់រំទាំងចំណេះវិជ្ជា និងអត្តចរិតដល់កុលបុត្រ កុលធីតា របស់យើងដែលជាទំពាំងស្នងឬស្សី ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី៥ តុលានេះ សម្ដេចតេជោ បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ១៩៩៧មក ព្រះរាជាណាចក្រកម្ពុជាយើង បានរៀបចំទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំ នៅថ្ងៃទី៥ ខែតុលា ក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្សានុសិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់យ៉ាងដូច្នេះថា «គ្រូបង្រៀនត្រូវបានចាត់ទុកជាមាតាបិតាទីពីរ ដែលបានផ្តល់ការអប់រំទាំងចំណេះវិជ្ជា និងអត្តចរិតដល់កុលបុត្រ កុលធីតា របស់យើងដែលជាទំពាំងស្នងឬស្សី» ។
សម្ដេចតេជោបន្តថា ផ្តើមចេញពីការអនុវត្តអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ នៅក្រោយឆ្នាំ១៩៧៩ ដែលយើងបានងើបចេញពី របបប្រល័យពូជសាសន៍ ដែលបានបំផ្លាញគ្មានសល់ទំាងធនធានមនុស្ស និងហេដ្ឋាចរនាសម្ព័ន្ធនោះ សង្គមយើងបានកសាងធនធានមនុស្ស បានយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ចូលរួម កសាង និងអភិវឌ្ឍប្រទេសជាតិ រហូតមកទល់ពេលបច្ចុប្បន្ន។ នេះជាគុណបំណាច់ និងការលះបង់យ៉ាងធំធេង មិនអាចកាត់ថ្លៃបានរបស់លោកគ្រូ អ្នកគ្រូ ៕

