ឯកឧត្តម នេត្រ ភក្ត្រា៖ បច្ចុប្បន្ននេះ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំ លែងកើតមានទៀតហើយ គឺនៅមានបទល្មើសខ្នាតតូច ដែលយើងចាំបាច់ត្រូវបន្តទប់ស្កាត់ និងបង្ក្រាប

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារ ប្រឆាំងការសម្អាតប្រាក់ នៃក្រសួងបរិស្ថាន បានបញ្ជាក់ថា បច្ចុប្បន្ននេះ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ គឺនៅមានបទល្មើសខ្នាតតូចដែលយើងចាំបាច់ត្រូវបន្តទប់ស្កាត់និងបង្ក្រាប ។
ក្នុងវគ្គបណ្តុះបណ្តាល អំពីគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ស៊ើបអង្កេត និងរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ដែលពន្លាតចេញពីបទល្មើសដើមនៃបទ
ល្មើសធនធានធម្មជាតិ ជូនមន្ត្រីឧទ្យានុរក្សជាមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ចំនួន ៩១ រូបមកពីមន្ទីរបរិស្ថានខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ នាថ្ងៃទី៥ តុលានេះ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា មន្ត្រីនគរបាលយុត្តិធម៌នឹងត្រូវពន្លាតលើបទល្មើសនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងករណីរកឃើញថា បទល្មើសដើមនៃបទល្មើសព្រៃឈើ និងបទល្មើសត្វព្រៃខុសច្បាប់មានតម្រុយពាក់ព័ន្ធនឹងការសម្អាតប្រាក់។
ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងបន្តអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ និងប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជាពិសេសទប់ស្កាត់ និងបង្ក្រាបបទល្មើសទាក់ទងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។
ក្រសួងបរិស្ថានមានមន្ត្រីនគរបាល និងមន្ត្រីអនុវត្តច្បាប់សរុបជាង ១ ៤២២ នាក់។ រហូតមកដល់ពេលនេះ ខេត្តដែលមានតំបន់ការពារធម្មជាតិចំនួន ១១ ហើយដែលមន្ត្រីនគរបាលយុត្តិធម៌និងមន្ត្រីអនុវត្តច្បាប់របស់ក្រសួងបរិស្ថានសរុបចំនួន ៦៤៧ រូប ទទួលបានការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពលើការប្រឆាំង ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ក្នុងបទល្មើសធនធានធម្មជាតិ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងបទល្មើសជួញដូរសត្វព្រៃខុសច្បាប់ ៕
