សម្តេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍សំខាន់ៗចំនួន៤ចំណុច ដើម្បីរួមចំណែកដល់ ការលើកកម្ពស់វិស័យកីឡា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់អនុសាសន៍សំខាន់ៗចំនួន៤ចំណុច ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យកីឡា និងការត្រៀមខ្លួនបានល្អ ក្នុងរៀបចំព្រឹត្តិការណ៍ កីឡាដ៏ធំ ឱ្យទទួលបានជោគជ័យខ្ពស់។
មានប្រសាសន៍នៅក្នុងពេលអញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ដើម្បីរួមចំណែកដល់ការ លើកកម្ពស់វិស័យ កីឡា និងការត្រៀមខ្លួនបានល្អ ក្នុងរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំ ឱ្យទទួលបានជោគជ័យខ្ពស់ សម្តេចបានផ្ដល់ការលើកទឹកចិត្តចំនួន៤ ចំណុចគន្លឹះដូចខាងក្រោម៖
១- សម្តេចសូមលើកទឹកចិត្តឱ្យមានកិច្ចពិភាក្សា និងចែករំលែកនូវ ឧត្តមានុវត្តន៍ល្អៗនៅក្នុងមហាសន្និបាត នេះ ពាក់ព័ន្ធទៅនឹងការរៀបចំព្រឹត្តិការណ៍កីឡាធំៗ ការគ្រប់គ្រង និងការអភិវឌ្ឍ បច្ចេកទេសកីឡា ដើម្បីធ្វើឱ្យវិស័យកីឡាកាន់តែប្រសើរក្នុង តំបន់អាស៊ីយើងនេះ។
២- សូមក្រុមប្រឹក្សាអូឡាំពិកអាស៊ីបង្កើនការធ្វើពិធកម្ម សកម្មភាពកីឡាឱ្យបានកាន់តែច្រើនទៀត នៅតាមបណ្ដាប្រទេស សមាជិក ដើម្បីលើកកម្ពស់វិស័យកីឡានៅតំបន់អាស៊ី និងបង្កើន ការផ្សារភ្ជាប់ វិស័យកីឡាទៅនឹងវិស័យសេដ្ឋកិច្ច ជាពិសេស ទេសចរណ៍កីឡា ដែលត្រូវបានចាត់ទុកជា ប្រភេទទេសចរណ៍បៃតង ដើម្បីពង្រឹងមិត្តភាព សាមគ្គីភាពដែលរួមចំណែកដល់ ការកសាងសុខសន្តិភាព ប្រកបដោយចីរភាពក្នុងតំបន់។
៣- គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេស គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ត្រូវបង្កើនកិច្ចសហការទាំងបច្ចេកទេស និងបទពិសោធន៍ជាមួយក្រុម ប្រឹក្សាអូឡាំពិកអាស៊ី គណៈ កម្មាធិការជាតិអូឡាំពិកនៃប្រទេសសមាជិក ក្រុមប្រឹក្សាសហព័ន្ធកីឡា អាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ និងស្ថាប័នកីឡាអន្តរជាតិ ក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍ កម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជាឱ្យបានដល់កម្រិត ដែលអាចធ្វើទៅបាន ដើម្បីឱ្យអត្តពលិកកម្ពុជាអាចចូលរួម កាន់តែទូលំទូលាយ ក្នុងព្រឹត្តិការណ៍អន្តរជាតិ នានានៅថ្ងៃ អនាគត។
៤- អំពាវនាវដល់បណ្តាប្រទេសសមាជិកនៃ ក្រុមប្រឹក្សាអូឡាំពិកអាស៊ីមេត្តាផ្តល់នូវការគាំទ្រ ក្នុងគ្រប់ទម្រង់ តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នៅព្រះរាជាណា ចក្រកម្ពុជាទទួលបានជោគជ័យខ្ពស់៕

