មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ណែនាំដល់នាយ-ពលទាហាន ត្រូវត្រៀមខ្លួនជួយសង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ

ភ្នំពេញ៖ លោក វរសេនីយ៍ទោ ស្រី ម៉ាច មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានណែនាំដល់ នាយ-ពលទាហានទាំងអស់របស់អង្គភាព ត្រូវត្រៀមខ្លួនជាស្រេច និងធាននាមានមុខ១០០% ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលងាយទទួលរងគ្រោះដោយគ្រោះធម្មជាតិនានា ដូចជា ទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះបាញ់ ជាដើម ។ លោក មេបញ្ជាការរង ថ្លែងបែបនេះក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអប់រំចិត្តសាស្ត្រដល់យោធិន នាព្រឹកថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។
លោក មេបញ្ជាការរង មានប្រសាសន៍ថា រដូវនេះជារដូវភ្លៀងធ្លាក់ ដែលវាអាចបណ្តាលឲ្យកម្ពស់ទឹកកើនឡើងជាបន្តបន្ទាប់ ហើយនៅតាមបណ្តាខេត្តមួយចំនួនបានកើតទៅជាជំនន់ទឹកភ្លៀង ខេត្តខ្លះមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ រន្ទះបាញ់ ធ្វើឲ្យគ្រោះថ្នាក់ដល់មនុស្សសត្វ ខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗ ដូច្នេះក្នុងនាមយើងជាកងទ័ព ត្រូវត្រៀមខ្លួនជានិច្ច ធានាកម្លាំង១០០% ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ។
ចុងបញ្ចប់ លោកមេបញ្ជាការរង ក៏បានក្រើនរំលឹកដល់នាយ-ពលទាហានទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ចូលរួមអនុវត្តវិធានការ ៣ការពារ៣កុំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានជូនពរដល់នាយ-ពលទាហាន ទទួលបានជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕

