ឯកឧត្តម យិត បុណ្ណា ដឹកនាំកិច្ចប្រជុំបូកសរុប និងកែសម្រួលមុខងារ ត្រួតពិនិត្យគុណភាពផ្លូវ ឱ្យមាន សមត្ថភាពកាន់តែល្អប្រសើរលើការត្រួតពិនិត្យ តាមដានការអនុវត្ត និងពង្រឹងគុណភាពផ្លូវថ្នល់

ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជា ប្រធានគណៈកម្មការកម្មវិធីថែទាំផ្លូវថ្នល់ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំបូកសរុប និងកែសម្រួលមុខងារត្រួតពិនិត្យគុណភាពផ្លូវឱ្យមានសមត្ថភាពកាន់តែល្អប្រសើរលើការត្រួតពិនិត្យ និងតាមដានការអនុវត្តគម្រោងសាងសង់ផ្លូវថ្នល់។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងបូកសរុបមតិយោបល់ ក៏ដូចជាធាតុចូលបន្ថែមពីគ្រប់អង្គភាព ពាក់ព័ន្ធលើការរៀបចំមុខងារត្រួតពិនិត្យគុណភាពផ្លូវឱ្យបានគ្រប់ជ្រុងជ្រាយ មុននឹងអភិវឌ្ឍកម្មវិធី និង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ។
ថ្លែងទៅកាន់អង្គប្រជុំឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានគូសបញ្ជាក់សារសំខាន់នៃការផ្តល់មតិយោបល់ និងធាតុចូលបន្ថែមពីសំណាក់អង្គភាពពាក់ព័ន្ធលើមុខងារថ្មីនេះ ដើម្បីអភិវឌ្ឍប្រព័ន្ធត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision) ឱ្យមានភាពបត់បែនក្នុងការប្រើប្រាស់ និង ងាយស្រួលគ្រប់គ្រង តាមដានលើការអនុវត្តការងារត្រួតពិនិត្យគុណភាពផ្លូវ ជាពិសេសនៅតាមបណ្តា ការដ្ឋានសាង់សងនានារបស់អង្គភាពត្រួតពិនិត្យគុណភាពផ្លូវ និងអង្គភាពអនុវត្តការងារសាងសង់ផ្លូវ។
បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងការកោតសរសើរផងដែរដល់ក្រុមការងារបច្ចេកទេស ដែលបានខិតខំប្រឹងប្រែងកន្លងមក ព្រមទាំងបានជំរុញលើកទឹកចិត្តឱ្យអង្គភាពពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តមុខងារត្រួតពិនិត្យគុណភាពផ្លូវ(ROAD CARE Supervision) ឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ដើម្បីធានាដល់ការពង្រឹងគុណភាពផ្លូវកាន់តែមានភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងកាត់បន្ថយចំណាយថវិកាក្នុងការជួសជុលថែទាំ៕

