ឯកឧត្តម ខូយ សុខា អញ្ជើញចូលរួមពិធីឆ្លងបុណ្យភ្ជុំបិណ្ឌចំនួនពីរវត្ត ក្នុងខេត្តពោធិ៍សាត់

ភ្នំពេញ៖ ក្នុងនាមជាពុទ្ធបរិស័ទមួយរូបដែលមានជំនឿលើព្រះពុទ្ធសាសនា នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ខូយ សុខា តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ និងជាសមាជិកគណ:កម្មការទី៣ នៃរដ្ឋសភា ព្រមទាំងបុត្រាបុត្រី អមដំណើរដោយ ឯកឧត្តម ញ៉ូវ សុង សមាជិកព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីឆ្លងបុណ្យភ្ជុំបិណ្ឌចំនួនពីរវត្តគឺ វត្តកែវវិជ័យ ស្ថិតនៅឃុំកណ្តៀង ស្រុកកណ្តៀង និងវត្តលលកសរចាស់ ស្ថិតនៅសង្កាត់លលកសរ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
នៅក្នុងឱកាសនោះ ឯកឧត្តមបានបូជាទៀនធូបចំពោះព្រះរតនត្រ័យសមាទានសីល ធ្វើកិច្ចបទនមស្ការ ព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ ជាច្រើនមុខទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ដើម្បីឧទ្ទិសនូវផលាអានិសង្សជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំងប្រាំពីសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ៕

