ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ដឹកនាំកិច្ចប្រជុំលើកទី៧ នៃបណ្តាញរចនាសម្ព័ន្ធ និងស្ថាប័នទទួលបន្ទុកហ្វ្រង់កូហ្វូនី នៅអាស៊ីប៉ាស៊ីហ្វិក

ភ្នំពេញ៖ តាមការអញ្ជើញរបស់រដ្ឋាភិបាលនូវែលកាលេដូនី កិច្ចប្រជុំលើកទី៧ នៃបណ្តាញរចនាសម្ព័ន្ធ និងស្ថាប័នទទួលបន្ទុកហ្វ្រង់កូហ្វូនីនៅអាស៊ីប៉ាស៊ីហ្វិក (RESIFAP) ត្រូវបានរៀបចំឡើងនៅទីក្រុង Nouméa នូវែលកាលេដូនី ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អ្នកសម្របសម្រួលជាតិកម្ពុជាអមអង្គការ OIF និងជាប្រធាន RESIFAP ដោយមានការចូលរួមពីលោកស្រី Tran Thi Mai Yen តំណាងស្តីទីរបស់អង្គការ OIF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកសម្របសម្រួលជាតិវៀតណាម ឡាវ នូវែលកាលេដូនី និងវ៉ានូអាទូ ព្រមទាំង តំណាងមកពីមជ្ឈមណ្ឌលប្រជុំ និងផ្លាស់ប្តូរអន្តរជាតិនៅប៉ាស៊ីហ្វិក (CREIPAC) និងឧត្តម ស្នងការដ្ឋាននៃ សាធារណរដ្ឋបារាំងនៅនូវែលកាលេដូនី។ អ្នកសម្របសម្រួលជាតិកូរ៉េខាងត្បូងបានចូលរួមយ៉ាងសកម្មតាម ប្រព័ន្ធវីដេអូ។ ថៃអវត្តមាន ដោយសារបញ្ហាពេលវេលា។

ក្នុងឱកាសនេះ អ្នកចូលរួមបានផ្លាស់ប្តូរយោបល់គ្នាអំពីគោលបំណងសំខាន់នៃកិច្ចប្រជុំ៖ (១) បូកសរុប សកម្មភាព ដែលប្រទេសសមាជិក RESIFAP នីមួយៗបានធ្វើក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី ចាប់ពីកិច្ចប្រជុំ ពិគ្រោះ យោបល់លើកទី២ ក្នុងខែមីនា ឆ្នាំ២០២១ កន្លងមក (២) ផ្លាស់ប្តូរយោបល់គ្នាអំពីផលប៉ះពាល់នៃវិបត្តិ ពិភពលោក និងវិធានការសង្គមសេដ្ឋកិច្ចដែលបានអនុវត្តដើម្បីឆ្លើយតបទៅនឹងវិបត្តិនេះ និង (៣) ពិភាក្សាអំពី ការរៀបចំយុទ្ធសាស្ត្រថ្នាក់តំបន់ដែលត្រូវអនុវត្ត
ដើម្បីលើកកម្ពស់ហ្វ្រង់កូហ្វូនី សម្រាប់ឆ្នាំ២០២៣-២០២៦។
អ្នកចូលរួមមានការពេញចិត្ត និងបានគាំទ្រគំនិតផ្តួចផ្តើមក្នុងការរៀបចំវេទិកាយុវជននិយាយភាសាបារាំងក្នុង តំបន់ អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២៣-២០២៤ ដោយហេតុថាយុវជនតំណាងឱ្យអនាគតនៃហ្វ្រង់កូហ្វូនី។ ពាក់ព័ន្ធ នឹង ការបន្តអាណត្តិ ជាប្រធាន RESIFAP ដោយសារពុំមានសមាជិកផ្សេងទៀតស្ម័គ្រចិត្ត ប្រទេសកម្ពុជា តំណាង ដោយ ឯកឧត្តម បណ្ឌិត ឈីវ យីស៊ាង បានស្ម័គ្រចិត្តបន្តកាន់តំណែងជាប្រធាន សម្រាប់អាណត្តិទី៤ (២០២៣-២០២៤) ។
សមាជិក RESIFAP បានស្នើប្រទេសឡាវពិនិត្យមើលលទ្ធភាពទទួលរៀបចំកិច្ចប្រជុំលើកទី៨ នៅឆ្នាំ២០២៣។ សំណើនេះនឹងត្រូវបញ្ជូនទៅរដ្ឋាភិបាលឡាវ។

នៅក្នុងឱកាសនៃកិច្ចប្រជុំ RESIFAP លើកទី៧ នេះ អ្នកចូលរួមបានចូលជួបសម្តែងការគួរសមចំពោះ ប្រធាន រដ្ឋាភិបាលនូវែលកាលេដូនី នៅស្នាក់ការរដ្ឋាភិបាល ប្រធានព្រឹទ្ធសភាប្រពៃណី និងទីប្រឹក្សាការទូតតំណាង ឧត្តមស្នងការនៃសាធារណរដ្ឋបារាំងនៅនូវែលកាលេដូនី។
ក្នុងអំឡុងពេលនៃ ជំនួបទាំងបីនេះ ឯកឧត្តមប្រធាន RESIFAP និងតំណាងស្តីទីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានគូសបញ្ជាក់ពីសារៈសំខាន់នៃបណ្តាញ RESIFAP ដែលមានគោលបំណងកំណត់អាទិភាពតំបន់នៅក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី ពង្រឹងរូបភាព និងការមើល ឃើញ នៃហ្វ្រង់កូហ្វូនីក្នុងតំបន់ និងលើកកម្ពស់តំបន់នៅក្នុងហ្វ្រង់កូហ្វូនី។
ទស្សនកិច្ចចំនួនបីក៏ត្រូវបានរៀបចំឡើងផងដែរ សម្រាប់គណៈប្រតិភូ RESIFAP នៅមជ្ឈមណ្ឌលវប្បធម៌ Tjibaou សាកលវិទ្យាល័យនូវែលកាលេដូនី និងមជ្ឈមណ្ឌល CREIPAC ។

