ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក ដឹកនាំសិក្ខាសាលាជាតិ ស្តីពីការដោះស្រាយផលប៉ះពាល់ និងកិច្ចការបរិស្ថាន

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម ដែលជានាយក PMU-ADB, EIB, AIIB, and WB MOWRAM តំណាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ MEF សហការីជាតិ អន្តរជាតិ អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋានគ្រប់នាយកដ្ឋានចំណុះក្រសួង ប្រធាន អនុប្រធានការិយាល័យចំណុះក្រសួង មន្រ្តីបច្ចេកទេសគ្រប់លំដាប់ថ្នាក់ចំណុះក្រសួងធនធានទឹក និងឧតុនិយម ប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមអញ្ជើញមកពីខេត្តរតនៈគីរី ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគីរី ខេត្តកំពង់ចាម ខេត្តត្បូងឃ្ណុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង បានអញ្ជើញដឹកនាំសិក្ខាសាលាជាតិនៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម សាលប្រជុំរំដួល ស្តីពីការដោះស្រាយផលប៉ះពាល់ និងកិច្ចការបរិស្ថានក្នុងពេលធ្វើការអនុវត្តគម្រោងកែលម្អសន្តិសុខទឹកសម្រាប់ប្រទេសកម្ពុជា CWSIP ។
ក្នុងពេលសិក្ខាសាលាជាតិនោះមានការអញ្ជើញចូលរួមពីសំណាក់ក្រសួងស្ថាប័នរដ្ឋក្នុងរាជរដ្ឋាភិបាលជាច្រើនទៀត រួមមាន ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងផែនការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន័ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអភិវឌ្ឍជនបទ ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ក្រសួងរ៉ែ និងថាមពល ក្រសួងកិច្ចការនារី ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ជូនថា ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួង ធនធានទឹក និងឧតុនិយម បានធ្វើការសម្រេចអនុវត្តគម្រោងខាងលើក្នុងភូមិភាគឦសានមាន៖ ខេត្តរតនៈគីរី ខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ក្នុងភូមិភាគខាងកើតមានខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ទន្ទឹមនឹងនេះក្នុងយុទ្ធសាស្រ្តសន្តិសុខទឹករបស់ក្រសួងធនធានទឹក និងឧតុនិយម ។ ឯកឧត្តមរដ្ឋមន្រ្តី តែងតែគិតគូរយកចិត្តទុកដាក់ជាប្រចាំអស់ពីកម្លាំងកាយចិត្តក្នុងការកាត់បន្ថយជាអតិបរិមា និងធ្វើឲ្យមានលក្ខណល្អប្រសើរឡើងជាបន្តបន្ទាប់លើបញ្ហាអសន្តិសុខទឹកក្នុងបណ្តាខេត្តនៃតំបន់ឆ្នេររបស់ប្រទេសកម្ពុជា យោងតាមបុព្វហេតុខាងលើនេះហើយទើបគម្រោង CWSIP នេះបន្តធ្វើការគ្របដណ្តប់វិសាលភាពរបស់ខ្លួនលើបណ្តាខេត្តក្នុងតំបន់ឆ្នេរទៀតដែលរួមមានខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង៕

