មនុស្សចំនួន ៦នាក់បានបាត់បង់ជីវិត ពេលដែលអគារមួយដួលរលំ ក្នុងទីក្រុង Mumbai ខណៈភ្លៀងមូសុង បានវាយប្រហារមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃប្រទេសឥណ្ឌា

ញូវដែលី៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ មនុស្សចំនួន ៦នាក់បានបាត់បង់ជីវិត ពេលដែលអគារមួយដួលរលំ ក្នុងទីក្រុង Mumbai ខណៈភ្លៀងមូសុង បានវាយប្រហារមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃប្រទេសឥណ្ឌាមួយនេះ បង្កការជន់លិចផ្លូវថ្នល់ និងសាលារៀនត្រូវបិទទ្វារ។
អភិបាលក្រុង Mumbai លោកស្រី Ritu Tawde បាននិយាយថា អគារលំនៅដ្ឋានទ្រុឌទ្រោមមួយ បានដួលរលំកាលពីថ្ងៃអាទិត្យ នៅសង្កាត់ភាគខាងកើតក្រុង ដែលពោរពេញដោយមនុស្សរស់នៅ ធ្វើឱ្យអ្នកស្រុកជាប់ក្រោមគំនរបាក់បែក។ ការស្លាប់កើតមានឡើងនៅពេលដែលភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យផ្នែកខ្លះនៃទីក្រុងនេះជាប់គាំង។
ទីភ្នាក់ងារឧតុនិយមឥណ្ឌា បានកត់ត្រារបាយទឹកភ្លៀងកម្រិតជាង ២០០មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោង។ ការិយាល័យអាកាសធាតុ បានចេញការព្រមានពណ៌ក្រហម សម្រាប់ទីក្រុង Mumbai នាថ្ងៃចន្ទនេះ ដោយព្យាករថានឹងមានភ្លៀងធ្លាក់បន្តទៀត រួមទាំងខ្យល់បោកបក់ខ្លាំង។ ដោយសារផ្លូវថ្នល់រងនូវការជន់លិច អាជ្ញាធរក្រុង Mumbai បានប្រកាសឱ្យសាលារៀននានា ឈប់សម្រាកនៅថ្ងៃចន្ទនេះ៕

