មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានជ្រើសតាំងឱ្យបន្តកាន់តំណែងជាប្រធានគណៈកម្មការកិច្ចការរដ្ឋ

សេអ៊ូល៖ នៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនត្រូវបានជ្រើសតាំងឱ្យបន្ត កាន់តំណែងជាប្រធានគណៈកម្មការកិច្ចការរដ្ឋ បន្ទាប់ពីកូរ៉េខាងជើងបើកសម័យប្រជុំនៃសភាប្រជាជនកំពូល កាលពីថ្ងៃអាទិត្យ។
បើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters សម័យប្រជុំនៃសភាប្រជាជនកំពូលក្នុងទីក្រុងព្យុងយ៉ាង នឹងពិភាក្សាអំពីការធ្វើវិសោធនកម្ម និងការបន្ថែមច្បាប់មួយចំនួនក្នុងរដ្ឋធម្មនុញ្ញសង្គមនិយមរបស់កូរ៉េខាងជើង ព្រមទាំងការបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មការកិច្ចការរដ្ឋ និងតំណែងគ្រប់គ្រងស្ថាប័នរដ្ឋដៃទៀត។
សភាកូរ៉េខាងជើងដែលមានតួនាទីអនុម័តគោលនយោបាយរដ្ឋ តែងតែបើកសម័យប្រជុំនៅបន្ទាប់ពីមហាសន្និបាតរបស់គណបក្សពលករ ដើម្បីប្រែក្លាយការសម្រេចចិត្តរបស់បក្សឱ្យទៅជាច្បាប់។
តាម KCNA កិច្ចប្រជុំសភា ក៏នឹងត្រួតពិនិត្យឡើងវិញផងដែរពីផែនការសេដ្ឋកិច្ច៥ឆ្នាំដែលត្រូវបានប្រកាសនៅឯមហាសន្និបាតបក្សពលករលើកទី៩ កាលពីខែកុម្ភៈកន្លងទៅនេះ៕
