លោក ដូណាល់ ត្រាំ ថាប្រទេសមួយចំនួនក្នុងនោះរួមមានទាំងចិន និងរុស្ស៉ី បានលួចលាក់ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ នៅក្រោមដីជាសម្ងាត់

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា បាននិយាយថាប្រទេសមួយចំនួនក្នុងនោះរួមមានទាំងចិន និងរុស្ស៉ី បានលួចលាក់ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ នៅក្រោមដីជាសម្ងាត់ ហើយថាសហរដ្ឋអាមេរិកក៏អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរដូចគ្នានេះដែរ។
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី 60 Minutes របស់ទូរទស្សន៍ CBS ចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក ត្រាំ បានលើកឡើងថា «រុស្ស៉ីធ្វើតេស្ដ ចិនធ្វើតេស្ដ ប៉ុន្តែពួកគេមិនបាននិយាយពីការធ្វើ តេស្ដទាំងនោះឡើយ»។
លោក ត្រាំ បន្ថែមថាលោកមិនចង់ឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសតែមួយគត់ដែលមិនធ្វើតេស្តអាវុធនុយក្លេអ៊ែរនោះទេ ជាមួយការបញ្ចូលកូរ៉េខាងជើង និងប៉ាគីស្ថាន ទៅក្នុងបញ្ជីឈ្មោះនៃប្រទេសដែលលោកចោទថាកំពុងធ្វើតេស្ដឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន មុននឹងចូលរួមកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅកូរ៉េខាងត្បូង លោក ត្រាំ បានបង្កភាពភ្ញាក់ផ្អើលជាមួយការប្រកាស នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គមថា លោកបានប្រាប់ឱ្យក្រសួងការពារជាតិអាមេរិក ចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ដោយឈរលើគោលការណ៍ស្មើភាពគ្នា ជាមួយមហាអំណាចនុយក្លេអ៊ែរដទៃទៀត។
ការបង្ហោះសាររបស់លោក ត្រាំ គឺធ្វើឡើង បន្ទាប់ពីក្នុងថ្ងៃដដែល ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសថា រុស្ស៉ីទើបតែទទួលជោគជ័យ ក្នុងការធ្វើតេស្តមីស៉ីលរត់ក្រោមទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ ហៅថា Poseidon ដែលបើតាមការវិភាគរបស់អ្នកជំនាញ គឺមានសមត្ថភាពបង្កការវិនាសហិនហោចធ្ងន់ធ្ងរ ចំពោះតំបន់ដែលស្ថិតនៅជាប់មាត់ឆ្នេរ តាមរយៈការបង្កជា រលកយក្សធំៗពោរពេញដោយសារធាតុវិទ្យុសកម្ម៕
