**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ផ្តល់អនុសាសន៍៨ចំណុច ក្នុងវេទិកាគោលនយោបាយថ្នាក់ជាតិ ឆ្នាំ២០២៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាគោលនយោបាយថ្នាក់ជាតិ ឆ្នាំ២០២៥ កម្មវិធីពន្លកចំណេះ ក្រោមប្រធានបទ «ការរៀបចំគោលនយោបាយប្រកបដោយបរិយាបន្ន នៅយុគសម័យមិនប្រាកដប្រជា៖ ការផ្សារភ្ជាប់ចំណេះនឹងគោលនយោបាយ និងប្រជាជន» ដែលសហការរៀបចំដោយ Australian AID, កម្មវិធីពន្លកចំណេះ និងអង្គការមូលនិធិអាស៊ី (Asia Foundation) នៅសណ្ឋាគារ Hyatt Regency ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន វិទ្យាស្ថានស្រាវជ្រាវ អង្គការសង្គមស៊ីវិល។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្ដែងនូវអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី និងអង្គការមូលនិធិអាស៊ី ចំពោះភាពជាដៃគូនិងការប្តេជ្ញាចិត្ត ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃវិស័យស្រាវជ្រាវ និងគោលនយោបាយរបស់កម្ពុជា តាមរយៈកម្មវិធីពន្លកចំណេះ ដែលតែងតែគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រ និងអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះកម្មវិធីពន្លកចំណេះ ដែលបានអនុវត្តកម្មវិធី ដំណាក់កាលទី១ ក្នុងអំឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ និងជឿជាក់ថា ការអនុវត្ត ដំណាក់កាលទី២ នៃកម្មវិធីពន្លកចំណេះ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ នឹងរួមចំណែកដល់ការរៀបចំគោលនយោបាយសាធារណៈ ផ្អែកលើទិន្នន័យ និងភស្តុតាង ព្រមទាំងការពិភាក្សាប្រកបដោយបរិយាបន្ន នឹងទទួលបាននូវលទ្ធផលកាន់តែប្រសើរបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តថាក្នុងនាមរូបលោកផ្ទាល់ ឯកឧត្តមបានចូលរួមយ៉ាងសកម្មអស់រយៈពេលជាច្រើនឆ្នាំ និងដើរតួនាទីជាអ្នកផ្សារភ្ជាប់នៅក្នុងការងារស្រាវជ្រាវ ពិគ្រោះយោបល់ និងការរៀបចំគោលនយោបាយ ទាំងក្នុងកម្រិតម៉ាក្រូ និងកម្រិតមេហ្សូ (កម្រិតវិស័យ) ក៏ដូចជាដឹកនាំលើការច្របាច់បញ្ចូលលទ្ធផលនៃការពិភាក្សានិងការស្រាវជ្រាវពីគ្រប់ភាគីពាក់ព័ន្ធ មិនថាតួអង្គរដ្ឋ វិស័យឯកជន ស្ថាប័នស្រាវជ្រាវ ឬអង្គការក្រៅរដ្ឋាភិបាល ដើម្បីបង្កើតបានជាគោលនយោបាយជាច្រើនក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាលកន្លងមក។ ក្នុងន័យនេះ ការស្រាវជ្រាវគឺជាមូលដ្ឋានដ៏សំខាន់ក្នុងការរៀបចំ, ការកែសម្រួល និងកែតម្រូវ គោលនយោបាយនិងយុទ្ធសាស្ត្រសំខាន់ៗនានា ក្នុងរយៈពេលកន្លងមក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចថា ការសម្រេចចិត្តជាគោលនយោបាយដែលផ្អែកលើភស្តុតាង និងបរិយាបន្ន គឺមិនមែនជា «តម្រូវការ» ទេ តែគឺជា «ភាពចាំបាច់» ដើម្បីពង្រឹងអភិបាលកិច្ចល្អ, នវានុវត្តន៍ផ្នែកគោលនយោបាយ, សិនិទ្ធពលសង្គម, កាត់បន្ថយវិសមភាពនៃការអភិវឌ្ឍ, កសាង ធម្មានុរូបភាពនិងទំនុកចិត្ត, មូលធនមនុស្ស និងពង្រឹងភាពធន់នៃការអភិវឌ្ឍរបស់ប្រទេស។ ជាងនេះទៅទៀត ផ្អែកលើឧត្ដមានុវត្តនិងបទពិសោធអន្តរជាតិ ការប្រើប្រាស់ភស្តុតាង ឬទិន្នន័យដែលអាចជឿទុកចិត្តបាន ត្រូវបានរួមបញ្ចូលទៅក្នុងកិច្ចពិភាក្សា ដោយមានការចូលរួមពីបណ្ដាភាគីពាក់ព័ន្ធ, រាជរដ្ឋាភិបាលនឹងមានលទ្ធភាពខ្ពស់ ក្នុងការធ្វើការសម្រេចចិត្តជាគោលនយោបាយដែលមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងមានលក្ខណៈបត់បែនតាមសភាពការណ៍ជាក់ស្ដែង ព្រមទាំងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៃការអភិវឌ្ឍប្រទេស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថាខណៈពិភពលោកកំពុងប្រឈមនឹងបរិការណ៍ដែលមានប្រែប្រួលយ៉ាងឆាប់រហ័ស ដែលមិនធ្លាប់ឆ្លងកាត់ពីមុន កម្ពុជាបានឈានដល់ដំណាក់កាលថ្មីមួយនៃការអភិវឌ្ឍ ដែលទាមទារនូវការគិតគូរ រៀបចំតាក់តែងគោលនយោបាយនិងយុទ្ធសាស្រ្តនានា ប្រកបដោយ ភាពបន្សាំនិងការប្រមើលទៅមុខ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមលក្ខណៈជាស្រេច ដើម្បីទប់ទល់នឹងការប្រែប្រួលទាំងនោះ មិនថាក្នុងទម្រង់ណាមួយនោះទេ ពោលគឺបានគិតគូររៀបចំគោលនយោបាយជាតិ និងផែនការកែទម្រង់លើវិស័យសំខាន់ៗជាបន្តបន្ទាប់ ដែលផ្សារភ្ជាប់នឹងចំណេះដឹងនិងប្រជាជន ដើម្បីដោះស្រាយស្ថានភាពជាក់ស្ដែងក្នុងសង្គម ប្រកបដោយប្រសិទ្ធភាព តម្លាភាព យុត្តិធម៌ និងសមធម៌ សំដៅពង្រឹងភាពធន់ទៅនឹងវិបត្តិដែលអាចកើតមានឡើងជាយថាហេតុ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាតែងតែធ្វើសេចក្ដីសម្រេចគោលនយោបាយដែលផ្អែកលើភស្តុតាង និងប្រកបដោយបរិយាបន្នដើម្បីធានាថាគោលនយោបាយរបស់យើង ពិតជាបម្រើសេចក្តីត្រូវការ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេស អ្នកដែលងាយរងគ្រោះបំផុត នៅចំពោះមុខភាពមិនប្រាកដប្រជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តប្ដេជ្ញាចិត្តឥតងាករេចំពោះការរៀបចំ និងការធ្វើសេចក្ដីសម្រេចចិត្តលើគោលនយោបាយនានាៗ ដោយផ្អែកលើភស្តុតាង ផ្អែកលើទិន្នន័យ លើការវិភាគ មិនផ្អែកលើអារម្មណ៍ និងមិនផ្អែកលើការស្រមើស្រមៃនោះទេ។ ជាមួយគ្នានេះ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងឆន្ទៈមោះមុតលើការអនុវត្តកិច្ចការកែទម្រង់ស៊ីជម្រៅ, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជាឧបករណ៍ដ៏ចាំបាច់សម្រាប់ជំរុញ និងវាស់វែងសមិទ្ធកម្ម ជាពិសេសតាមដាន និងវាយតម្លៃ ព្រមទាំងការកែតម្រូវ ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅសម្រេចបាននូវគោលបំណងនៃគោលនយោបាយ ក៏ដូចជាពង្រឹងគណនេយ្យភាពរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធចំពោះរាជរដ្ឋាភិបាល ហើយម្ខាងទៀត ក៏ដើម្បីធានាការកសាងនិងពង្រឹងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសំដៅឆ្ពោះទៅសម្រេចឱ្យបាននូវ ចក្ខុវិស័យកម្ពុជឆ្នាំ២០៥០។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់នូវអនុសាសន៍ ចំនួន៨ចំណុច ជូនអង្គពិធី និងតួអង្គ ពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើតបាននូវវប្បធម៌ផ្សារភ្ជាប់ចំណេះដឹង និងការធ្វើគោលនយោបាយ ដោយផ្អែកលើការសិក្សាស្រាវជ្រាវនិងទិន្នន័យដែលមានគុណភាពខ្ពស់ ដូចខាងក្រោម៖

ទី១. ជំរុញការបង្កើតសហគមន៍ស្រាវជ្រាវ (Research Community) ដោយផ្តោតលើការបង្កើតបណ្តាញទំនាក់ទំនងរវាង រាជរដ្ឋាភិបាល និងស្ថាប័នស្រាវជ្រាវ លើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹង ទិន្នន័យ និងការពិភាក្សាផ្លាស់ប្តូរយោបល់លើគោលនយោបាយ ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ លើវិស័យ ឬមូលបទជាក់លាក់ទាំងឡាយណាដែលគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងអាទិភាពនានារបស់រាជរដ្ឋាភិបាល។

ទី២. លើកទឹកចិត្ត ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលបង្កើនកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវ ស្ថាប័នអប់រំ និងដៃគូអភិវឌ្ឍនានា ក្នុងកិច្ចការស្រាវជ្រាវ ដើម្បីកុំឱ្យស្រាវជ្រាវជាន់ប្រធានបទគ្នាផង និងអាចចែករំលែកគ្នាផង ព្រមទាំងដើម្បីរួមគ្នាគិតគូរអំពីចក្ខុវិស័យជាយុទ្ធសាស្ត្រ និងធ្វើការវិភាគលើសេណារីយ៉ូផ្សេងៗ ប្រកបដោយគុណភាពផងដែរ។

ទី៣. កសាងនិងពង្រឹងសមត្ថភាពរបស់អ្នករៀបចំគោលនយោបាយ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធទាំងអស់ តាមរយៈការរៀបចំកម្មវិធីបណ្តុះបណ្តាលនិងវេទិកា ទាំងការប្រើប្រាស់ច្ចេកវិទ្យាទំនើប ឬបញ្ញាសិប្បនិម្មិត ដើម្បីវិភាគឱ្យកាន់តែស៊ីជម្រៅនិងលឿន។

ទី៤. ធានានូវការប្រើប្រាស់ ទិន្នន័យ-ស្ថិតិ ប្រកបដោយសុច្ចរិតភាព, ភាពត្រឹមត្រូវ, ពេញលេញ, សង្គតិភាព និងភាពអាចជឿជាក់បាន ចាប់តាំងពីការប្រមូលរហូតដល់ការចងក្រងទុក សម្រាប់សិក្សា វិភាគ ដែលទាមទារឱ្យមានប្រព័ន្ធការងារត្រឹមត្រូវ និងក្របខណ្ឌ យន្តការគ្រប់គ្រងចំណេះដឹងផ្ទៃក្នុងច្បាស់លាស់។

ទី៥. ជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ ជាពិសេសមជ្ឈមណ្ឌលផ្ទុកទិន្នន័យ ឬទិន្នន័យធំ តាមរយៈការរៀបចំនូវស្តង់ដានៃការគ្រប់គ្រងទិន្នន័យ និងការចែករំលែកទិន្នន័យ រវាងក្រសួង-ស្ថាប័ននានា ព្រមទាំង កសាង និងធានាឱ្យបាននូវប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដែលមានលក្ខណៈអាចស្វែងរកបាន អាចចូលដំណើរការបាន អន្តរប្រតិបត្តិការ និងអាចប្រើឡើងវិញបាន។

ទី៦. លើកកម្ពស់កិច្ចសហការតាមក្រសួង-ស្ថាប័ន និងអន្តរក្រសួង-ស្ថាប័ន ដើម្បីកាត់បន្ថយគម្លាតរវាង តម្រូវការទិន្នន័យដែលកំពុងកើនឡើង និងការផ្តល់និងចែករំលែកនូវទិន្នន័យដែលអាចជឿទុកចិត្តបាន។

ទី៧. បញ្រ្ជាបកិច្ចពិភាក្សាប្រកបដោយបរិយាបន្ន ទៅក្នុងវដ្តនៃការរៀបចំគោលនយោបាយ ដែលចូលរួមពីភាគីចម្រុះ តាមរយៈការរៀបចំវេទិកាពិគ្រោះយោបល់ ឬយន្តការផ្តល់មតិត្រឡប់ ឬវេទិកាសាធារណៈនានា ដើម្បីធានានូវការចូលរួមរបស់ភាគីពាក់ព័ន្ធ នៅគ្រប់ដំណាក់កាលនៃការរៀបចំគោលនយោបាយ។

ទី៨. បន្តពង្រឹងប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងការបន្តប្តេជ្ញាចិត្តលើការធ្វើការសម្រេចជា គោលនយោបាយ ដែលផ្អែកលើភស្តុតាង ដើម្បីអាចឆ្លើយតបបាននឹងតម្រូវការជាក់ស្តែងរបស់សង្គម ប្រកបដោយ សមធម៌ និងការបង្កើតអនាគតមួយឱ្យកាន់តែល្អប្រសើររុងរឿងបន្ថែមទៀត សម្រាប់ប្រជាជនទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង