ឥណ្ឌាបាននិងកំពុងបង្កើនផលិតកម្មការពារជាតិក្នុងស្រុក ជំនួសឱ្យការនាំចូល

ញូវដេលី៖ ប្រទេសឥណ្ឌាបាននិងកំពុងបង្កើនផលិតកម្មការពារជាតិក្នុងស្រុក ជាផ្នែកមួយនៃការជំរុញជាយូរណាស់មកហើយរបស់នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី (Narendra Modi) សម្រាប់ការពឹងផ្អែកលើខ្លួនឯង ហើយកាត់បន្ថយការទិញសព្វាវុធពីប្រទេសដទៃ ខណៈប្រទេសអាស៊ីខាងត្បូងមួយនេះ មានជម្លោះទឹកដីដ៏រ៉ាំរ៉ៃជាមួយប៉ាគីស្ថាន និងមហាយក្សចិន។
តាមពិតទៅ ឥណ្ឌា គឺជាប្រទេសនាំចូលអាវុធលំដាប់កំពូលមួយរបស់ពិភពលោក ដោយមានរុស្ស៊ីជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតរបស់ខ្លួន។ ប៉ុន្តែមកទល់ពេលនេះ ឥណ្ឌាកំពុងលើកទឹកចិត្តដល់ការចាប់ផ្តើមអាជីវកម្មការពារជាតិក្នុងស្រុក បង្កើតមជ្ឈមណ្ឌលផលិតកម្មការពារជាតិ និងបន្ធូរបន្ថយច្បាប់លទ្ធកម្មយោធា ចំពេលមានភាពតានតឹងផ្នែកសន្តិសុខ ដែលកំពុងបន្តជាមួយប្រទេសជិតខាងចិន និងប៉ាគីស្ថាន។
នៅក្នុង កញ្ចប់ថវិកា ឆ្នាំ នេះ ឥណ្ឌាបាន បង្កើន ការ ចំណាយ លើ វិស័យ ការពារជាតិ ជិត១០ភាគរយ ដែលឈាន ដល់ទឹកប្រាក់ ប្រហែល៨១ពាន់ លាន ដុល្លារ។
អ្នកវិភាគបានអះអាងថា ឥណ្ឌាកំពុងបង្ហាញពីជន្ទល់ការពារជាតិ ដែលពឹងផ្អែកលើខ្លួនឯង និងជារបត់នៃការផ្លាស់ប្ដូរយ៉ាងខ្លាំង នៅក្នុងឥរិយាបថការពារជាតិរបស់ប្រទេសឥណ្ឌា ខណៈកិច្ចខិតខំប្រឹងប្រែងនេះ នៅតែជាការងារចំាបាច់ ដែលកំពុងដំណើរកា។
អ្នកវិភាគ និងអ្នកជំនាញលើវិស័យការពារជាតិ បានលើកឡើងថា ចន្លោះប្រហោងក្នុងប្រព័ន្ធរ៉ាដា និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក បន្តរារាំងសន្ទុះនៃផលិតកម្មការពារជាតិឥណ្ឌា។ យ៉ាងណា ប្រទេស ឥណ្ឌា ទទួល បាន ជោគជ័យ មួយ ចំនួន ក្នុង ការ អភិវឌ្ឍ បច្ចេកវិទ្យា យោធា ទំនើប។ ជាឧទាហរណ៍ ប្រព័ន្ធមីស៊ីលល្បឿនលឿន BrahMos គឺជាជោគជ័យដ៏ធំមួយរបស់ឥណ្ឌា។ បច្ចុប្បន្ន ដោយឃើញមានប្រសិទ្ធភាពក្នុងសមរភូមិ ឥណ្ឌាកំពុងផ្តោតទៅលើការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃយន្តហោះគ្មានមនុស្សបើកក្នុងស្រុក ដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួនឱ្យកាន់តែសាហាវបន្ថែមទៀត ព្រោះថា យន្តហោះគ្មានមនុស្សបើកមួយចំនួនមានទំហំតូចល្មមអាចដាក់ក្នុងកាបូបស្ពាយរបស់ទាហាន ហើយងាយស្រួលក្នុងការដាក់ពង្រាយតាមដានសភាពការណ៍ព្រំដែន៕
