អាកាសយានដ្ឋាន London Southend ក្នុងតំបន់អ៊ីសស៊ិច(Essex) បិទប្រតិបត្តិការជើងហោះហើរទាំងអស់រហូតដល់មានការជូនដំណឹងបន្ថែម

ឡុងដ៍៖ អាកាសយានដ្ឋាន London Southend ក្នុងតំបន់អ៊ីសស៊ិច(Essex) បានអះអាងថា ខ្លួនបានបិទប្រតិបត្តិការជើងហោះហើរទាំងអស់រហូតដល់មានការជូនដំណឹងបន្ថែម។
ការណ៍នេះកើតឡើងបន្ទាប់ពីប៉ូលិសបានបញ្ជាក់ថា យន្តហោះខ្នាតតូចមួយបានធ្លាក់នៅឯអាកាសយានដ្ឋាននៅឆ្នេរសមុទ្ទភាគអាគ្នេយ៍នៃប្រទេសអង់គ្លេសកាលពីថ្ងៃអាទិត្យទី១៣ ខែកក្កដា។ នេះបើតាមអាកាសយានដ្ឋាន London Southend បានអះអាងនៅលើបណ្តាញសង្គម X។
ប៉ូលិសក្នុងតំបន់អ៊ីសស៊ិចបានសង្កត់ធ្ងន់ថា ៖«យើងនៅតែស្ថិតនៅកន្លែងកើតហេតុនៃឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរនៅព្រលានយន្តហោះ Southend ដើម្បីរាយការណ៍អំពីហេតុការណ៍ពាក់ព័ន្ធនឹងករណីធ្លាក់យន្តហោះប្រវែង ១២ម៉ែត្រ»។
យ៉ាងណា វាមិនច្បាស់ថាមានមនុស្សប៉ុន្មាននាក់នៅលើយន្តហោះនោះទេ ខណៈដុំភ្លើងបានឆាបឆេះឡើងនៅអាកាសយានដ្ឋាន Southend នៅចម្ងាយប្រហែល ៥៦គីឡូម៉ែត្រភាគខាងកើតនៃរាជធានីឡុងដ៍។
សេវាសង្គ្រោះបន្ទាន់នៅភាគខាងកើតនៃប្រទេសអង់គ្លេសបានបញ្ជូនរថយន្តសង្គ្រោះចំនួន៤គ្រឿង និងរថយន្តឆ្លើយតបផ្សេងៗជាច្រើនគ្រឿងទៀត។ គេហទំព័ររបស់អាកាសយានដ្ឋានបានបង្ហាញថា ជើងហោះហើរអន្តរជាតិចំនួន៥ត្រូវបានលុបចោល បន្ទាប់ពីឧបទ្ទវហេតុនេះកើតឡើង៕
