នាយកដ្ឋានឧតុនិយមថៃ៖ ការរញ្ជួយដីចំនួន៧ ត្រូវបានកត់ត្រានៅក្នុងទីក្រុង Mae Hong Son និងតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា

បរទេស៖ យោងតាមនាយកដ្ឋានអង្កេតការរញ្ជួយដី របស់នាយកដ្ឋានឧតុនិយមថៃ បានឱ្យដឹងថា ការរញ្ជួយដីចំនួន៧ ត្រូវបានកត់ត្រានៅក្នុងទីក្រុង Mae Hong Son និងតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃចន្ទនេះ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ចន្លោះពីពាក់កណ្តាលអធ្រាត្រដល់ម៉ោង ៧ព្រឹក ការរញ្ជួយដីចំនួន៧ បានកើតឡើងនៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា ខណៈដែលមួយបានកើតឡើងនៅស្រុក Pai ខេត្ត Mae Hong Son។ ការរញ្ជួយខ្លាំងបំផុតដែលមានកម្រិត ៤.៣រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ានៅម៉ោង ៤ និង១៧នាទីព្រឹក។
បើតាមសារព័ត៌មាន AP, របាយការណ៍មួយនៅក្នុងកាសែតរដ្ឋ Myanma Alinn ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ៣.៧២៦នាក់ ដោយមនុស្សចំនួន ៥.១០៥នាក់បានរងរបួស និង ១២៩នាក់នៅតែបាត់ខ្លួន។ កាសែតបានសរសេរថា អ្នកជួយសង្គ្រោះអន្តរជាតិ ១.៩៧៥នាក់ និងបុគ្គលិកពេទ្យមកពី ២៥ប្រទេសបានសហការជាមួយអ្នកជួយសង្គ្រោះក្នុងស្រុកក្នុងការជួយសង្គ្រោះមនុស្ស ៦៥៣នាក់ និងបានរកឃើញសាកសពចំនួន ៧៥៣នាក់ពីក្រោមគំនរបាក់បែក។
Myanma Alinn បាននិយាយថា ផ្ទះនិងអគារចំនួន ៦៥.០៩៦ខ្នង, សាលារៀន ២.៥១៤ខ្នង, វត្តអារាមពុទ្ធសាសនាដែលជាកន្លែងស្នាក់នៅចំនួន ៤.៣១៧, និងវត្តអារាមចំនួន ៦.០២៧, មន្ទីរពេទ្យ និងគ្លីនិកចំនួន ៣៥០, ស្ពានចំនួន ១៧០, ទំនប់វារីអគ្គិសនីចំនួន ៥៨៦ ហើយក៏មានផ្នែកចំនួន ២០៣ នៃផ្លូវធំរបស់ប្រទេសត្រូវបានខូចខាតដោយសារគ្រោះរញ្ជួយដី។
