សមយុទ្ធយោធារួម «ពស់វែកមាស» នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសថៃ ដោយមានយោធាអាម៉េរិកចំនួន៣២០០នាក់ចូលរួម

បាងកក៖ សមយុទ្ធយោធារួម «ពស់វែកមាស ឬ Cobra Gold» ឆ្នាំ២០២៥ នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសថៃ ដោយមានយោធាអាម៉េរិកចំនួន៣២០០នាក់ចូលរួម។ សមយុទ្ធពស់វែកមាស ជាសមយុទ្ធយោធាអន្តរជាតិដ៏ធំបំផុតនៅក្នុងតំបន់។
ពិធីបើកនឹងរៀបចំនៅជំរំ Suranaree ស្រុកមឿង Muang នៃខេត្តនគររាជសីមា នាម៉ោង៩ព្រឹក ថ្ងៃទី២៥កុម្ភៈ។ សមយុទ្ធពស់វែកមាស គឺជាសមយុទ្ធរួមគ្នាដ៏ធំបំផុតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងជាឧទាហរណ៍ជាក់ស្តែងនៃសម្ព័ន្ធភាព និងទំនាក់ទំនងយុទ្ធសាស្ត្រដ៏រឹងមាំរវាងប្រទេសថៃ និងបងធំអាម៉េរិក ក៏ដូចជាឧទាហរណ៍នៃទំនាក់ទំនងសហប្រតិបត្តិការដ៏រឹងមាំជាមួយប្រទេសសម្ព័ន្ធមិត្ត និងដៃគូផ្សេងទៀតដែលចូលរួម។ នេះ បើ តាម សេចក្តី ថ្លែងការណ៍ របស់ ស្ថានទូត សហរដ្ឋ អាម៉េរិក។
ប្រជាជាតិដែលចូលរួមក្នុងសមយុទ្ធ បានហាត់សមរួមគ្នាលើការជួយសង្គ្រោះ ការសង្គ្រោះក្នុងគ្រោះមហន្តរាយ និងការឆ្លើយតបផ្សេងទៀតចំពោះបញ្ហាប្រឈម និងវិបត្តិជាក់ស្តែងជាច្រើននៅក្នុងតំបន់។
សមយុទ្ធនៅឆ្នាំនេះ នឹងមានព្រឹត្តិការណ៍សំខាន់ៗចំនួនបី ដូចជា លំហាត់បញ្ជា និងគ្រប់គ្រង, គម្រោងជំនួយពលរដ្ឋមនុស្សធម៌, និងលំហាត់ហ្វឹកហ្វឺនលើទីលាន ដែលរួមមាន៖ ព្រឹត្តិការណ៍ហ្វឹកហ្វឺនជាច្រើន ដើម្បីបង្កើនអន្តរប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងក្នុងតំបន់។
ប្រទេសប្រហែល៣០ នឹងចូលរួមដោយផ្ទាល់ ឬជាអ្នកសង្កេតការណ៍។ យោធាអាម៉េរិកប្រហែល៣២០០នាក់នឹងចូលរួម។ សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាម៉េរិក បានរាយរាប់ថា៖«សមយុទ្ធពស់វែកមាស គឺជានិមិត្តសញ្ញាយូរអង្វែងនៃសម្ព័ន្ធមិត្តការពារជាតិអាម៉េរិក-ថៃ។
សមយុទ្ធនេះបង្ហាញពីការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់យើងឆ្ពោះទៅរកការពង្រឹងសមត្ថភាពសំខាន់ៗ និងការត្រៀមខ្លួនជាស្រេចដែលត្រូវការដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខពេញលេញនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិករួមគ្នា»។ ឆ្នាំ នេះ នឹង ក្លាយ ជា ព្រឹត្តិការណ៍សមយុទ្ធពស់វែកមាស លើក ទី ៤៤ ហើយ វា ត្រូវ បាន រៀបចំ ដោយ កងទ័ពភូមិន្ទថៃ។
សមយុទ្ធសន្តិសុខរួមនឹងពង្រឹងសមត្ថភាពនៃប្រទេសចូលរួមក្នុងការរៀបចំផែនការ និងប្រតិបត្តិការរួមគ្នា កសាងទំនាក់ទំនងរវាងប្រទេសដែលចូលរួម និងបង្កើនអន្តរប្រតិបត្តិការលើសកម្មភាពជាច្រើន និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិទ្រង់ទ្រាយធំ និងការគំរាមកំហែងសន្តិសុខតាមអ៊ីនធឺណិត។
គួរជម្រាបថា សមយុទ្ធពស់វែកមាស បានចាប់ផ្តើមនៅឆ្នាំ១៩៨២ គឺជាសមយុទ្ធយោធាពហុភាគីដែលដំណើរការយូរជាងគេបំផុតរបស់ពិភពលោក និងធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ បម្រើជាវេទិកាដ៏សំខាន់សម្រាប់រដ្ឋធានីវ៉ាស៊ីនតោន ក្នុងការពង្រឹងសម្ព័ន្ធភាពនៅក្នុងតំបន់អាស៊ីនៅពេលមានការប្រកួតប្រជែងកាន់តែខ្លាំងជាមួយប្រទេសចិន។ សមយុទ្ធពស់វែកមាស ជារឿយៗត្រូវបានចាត់ទុកជាសូចនាករនៃភាពរឹងមាំនៃទំនាក់ទំនងអាម៉េរិក-ថៃ៕

