តំណាងរាស្ត្រមណ្ឌលភ្នំពេញ កំពង់ឆ្នាំង និងពោធិ៍សាត់ អញ្ជើញចុះចែកអំណោយជូនពលរដ្ឋ ៣០០គ្រួសារ ក្នុងស្រុក កំពង់ ត្រឡាច ខេត្ត កំពង់ ឆ្នាំង

ភ្នំពេញ៖ លោក ជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រ រាជធានីភ្នំពេញ លោកជំទាវ កុប ម៉ារីយ៉ាស តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងជាសមាជិកាគណៈកម្មការទី៥ នៃរដ្ឋសភា ឯកឧត្ដម រ៉ូហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ រួមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ គណៈអ៊ីមាំខេត្ត នាព្រឹកថ្ងៃ ទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ បាន អញ្ជើញចុះជួបសំណេះសំណាល ចែក អំណោយ របស់ សមាគម ASAS ម៉ាឡេស៊ី តាមរយៈ លោក ហាជ្ជី យូណុះ ហាសឹម ប្រធាន អ៊ីមាំខេត្ត កំពង់ ឆ្នាំង ជូនប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ និង បើក ការដ្ឋាន សាងសង់ អគារ បណ្ដុះបណ្ដាល កុមារ ស្ថិត ទីស្នាក់ការ គណ:អ៊ីមាំខេត្ត ភូមិ ព្រៃ ពស ឃុំច្រេស ស្រុក កំពង់ ត្រឡាច ខេត្ត កំពង់ ឆ្នាំង ។
ក្នុងឱកាសនោះ ឯកឧត្តម រ៉ូហ្វី អូស្មាន បានពាំនាំការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន អង្គការ មូលនិធិ អភិវឌ្ឍន៍មូស្លីមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា។

ឯកឧត្តម បានមានប្រសាសន៍សម្តែងកាកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបើកចំហររាល់ការទទួលជំនួយពីប្រទេសនានាលើពិភពលោក ដើម្បីដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ។
ជាមួយនេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំកម្ពុជា ឲ្យក្លាយជាប្រទេសដែលទទួលបានសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ បានធានាមកនូវសុខដុមរមនា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។
ឯកឧត្តម រ៉ូហ្វី អូស្មាន បានបញ្ជាក់ទៀតថា រដ្ឋាភិបាលកម្ពុជាតែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការជូនដល់ពលរដ្ឋកម្ពុជា។ ជាមួយនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្ដល់គ្រូក្របខ័ណ្ឌខ្មែរឥស្លាមចំនួន ១៥០០នាក់ និងរៀបចំឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាមចូលរួមបម្រើការងារជាមួយរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីបម្រើការងារដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋកម្ពុជា។
ទាំងនេះគឺជាសមិទ្ធផលដែលកើតឡើងដោយកត្តាសុខសន្តិភាព ដែលរកមកដោយលំបាកដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដូច្នេះយើងទាំងអស់គ្នា ត្រូវអរគុណសន្តិភាព ព្រមទាំងបន្តគាំទ្រចំពោះរាជរដ្ឋាភិបាល ដើម្បីបន្តរក្សាបាននូវសុខសន្តិភាពនេះឲ្យបានយូរអង្វែងតរៀងទៅ។

ទន្ទឹមនេះ ឯកឧត្តមបានលើកឡើងថា លោកជំទាវ កុប ម៉ារីយ៉ាសតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យប្រញាប់ប្រញាល់ទៅទទួលវ៉ាក់សាំងដូសជម្រុញលើកទី៣ ទី៤ ឬទី៥ ព្រមទាំងនាំកូនចៅរបស់ខ្លួនទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។
សូមជម្រាបថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង ៣០០ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ៥ គីឡូក្រាម ទឹក ដោះ គោ ២កំប៉ុង ត្រីខ ២កំប៉ុង ស្ករស ២គីឡូ ក្រាម មី៥កញ្ចក់ ប្រេងឆា ១ដប។ បន្ថែមពីនោះក៏មានការចែកកង់ចំនួន ៣០គ្រឿង និងមានសំលៀកបំពាក់មួយចំនួនទៀតផងដែរ ៕

