សម្តេចតេជោ ប្រកាសផ្តល់បណ្ណក្រីក្រ ដល់ពលរដ្ឋទាំងអស់ ដែលព្រមផ្លាស់ប្តូរទីលំនៅ ពីតំបន់រមណីយដ្ឋានអង្គរ មកភូមិធម្មជាតិរុនតាឯក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្តល់បណ្ណក្រីក្រ និងបណ្ណស្ត្រីមានផ្ទៃពោះ ជូនដល់ពលរដ្ឋទាំងអស់ ដែលយល់ព្រមផ្លាស់ប្តូរទីលំនៅ ពីតំបន់រមណីយដ្ឋានអង្គរ មកកាន់ភូមិធម្មជាតិរុនតាឯក ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញ ពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៣ កញ្ញា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ណែនាំឱ្យរដ្ឋមន្ត្រីសង្គមកិច្ច ចាត់ចែងរៀបចំបណ្ណក្រីក្រ និងបណ្ណស្ត្រីមានផ្ទៃពោះ ជូនពលរដ្ឋទាំងអស់ ដែលយល់ព្រមផ្លាស់ប្តូរលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់ភូមិធម្មជាតិរុនតាឯក។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់សុពលភាព ១០ឆ្នាំ សម្រាប់បណ្ណក្រីក្រ និងបណ្ណស្ត្រីមានផ្ទៃពោះ សម្រាប់ពលរដ្ឋយល់ព្រមផ្លាស់ប្តូរលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់ភូមិធម្មជាតិរុនតាឯក ៕
