លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បង្ហាញអារម្មណ៍រីករាយ និងមោទនភាព ដែល TYDA បានវិវត្តន៍ខ្លួនមកដល់ពេលនេះ
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានបង្ហាញអារម្មណ៍រីករាយនិងមោទនភាព ដែលសមាគមគ្រូពេទ្យសមាជិកយុវជនសម្ដេចតេជោបានវិវត្តន៍ខ្លួនមកដល់ពេលនេះ ។ ហើយបានចូលរួមសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដើម្បីផ្ដល់នូវជីវិតទីពីរ និងស្នាមញញឹមនិងការចូលរួមការលះបង់កម្លាំងកាយចិត្តពេលវេលា ប្រកបដោយកាយវិកាមនុស្សធម៌និងគុណធម៌របស់សមាជិកចំពោះប្រជាពលរដ្ឋ។
ក្នុងពិធីប្រកាស និងប្រគល់សេចក្តីសម្រេចបញ្ចូលសមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ចំនួនជាង៨០០ នាក់បន្ថែមទៀត នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) គិតត្រឹមឆ្នាំ២០២២នេះ មានអាយុ ១០ឆ្នាំហើយ និងបានធ្វើសកម្មភាពមនុស្សធម៌ទូទាំងប្រទេស ដែលទទួលបានលទ្ធផលជាក់ស្ដែងគឺព្យាបាលប្រជាពលរដ្ឋបានចំនួនជិត៣៥ម៉ឺននាក់ ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរជាង៦ពាន់នាក់ត្រូវបានបញ្ជូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន៥៨នាក់ត្រូវបានវះកាត់ដោយជោគជ័យក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៕