បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិថៃ ៤នាក់ រឹបអូសគ្រឿងញៀនជាង ៤០ គីឡូក្រាម

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិថៃ ៤នាក់ និងរឹបអូសគ្រឿងញៀនជាង ៤០ គីឡូក្រាម។
ការបង្ក្រាបនេះធ្វើឡើងដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ជាក់ស្ដែងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៨និង៣០នាទី កម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី.លោក ឧត្តមសេនីយ៍ទោ ឆាយ ហួត. លោក ឧត្តមសេនីយ៍ត្រី គឹម តូ. លោក វរសេនីយ៍ទោ ទេព សុវណ្ណដារ៉ា នាយករងមន្ទីរ បានធ្វើការស៊ើបអង្កេតជាង១ខែ ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក អ៊ុ សភ្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ក្រុមឩក្រិដ្ធជន ជនជាតិថៃ ដឹកជញ្ជូន ជួញដូរគ្រឿងញៀននៅចំណុច ផ្លូវកែវចិន្តា ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

កត់សម្គាល់៖ ក្នុងករណីនេះដែរជនសង្ស័យបានបើករថយន្តបំបុក និងប្រើអាវុធបាញ់មកលើសមត្ថកិច្ចចំនួន ០៨គ្រាប់ ហើយសមត្ថកិច្ចប្រើសិទ្ធិការពារខ្លួនបាញ់តបតវិញ បណ្តាលឱ្យជនសង្ស័យ ០១នាក់ ស្លាប់ និង ០១នាក់ រងរបួស ។
លទ្ធផល ៖ ឃាត់ខ្លួនជនសង្ស័យ៖ ៤នាក់ :
១-ឈ្មោះ នុំ ប៉ាគុន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ថៃ
២-ឈ្មោះ សែប ជីឡែងស៊ុក ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ថៃ
៣-ឈ្មោះ ណា កូ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ថៃ(រងរបួស) មេក្លោងឧក្រិដ្ឋជន និងជាមុខសញ្ញាមានដីកាស្វែងរកចាប់ខ្លួនជាច្រើនករណី ឃាតករ បាញ់សម្លាប់ប៉ូលិសថៃ និងមេក្លោងជួញដូរគ្រឿងញៀននៅថៃទៀតផង។
៤-ឈ្មោះ NATTHAPONG POLKHAN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ថៃ(ស្លាប់)
ចាប់យកវត្ថុតាង : គ្រឿងញៀនសរុប ៤១ គ.ក្រ ៩៣២ ក្រាម
-កេតាមីន(KETAMINE)ទម្ងន់ ១២ គ.ក្រ ១៨០ ក្រាម
-អ៊ិចស្តាស៊ី(MDMA)ទម្ងន់ ២៩ គ.ក្រ ៧៥២ ក្រាម
-រថយន្ត ២គ្រឿង -អាវុធខ្លី ២ដើម
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី៕

