ឯកឧត្តម ជាម យៀប ជួបពិភាក្សាទ្វេភាគីជាមួយ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិននៃ សាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធនិម្មិត
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វ៉ង ឈិន (Wang Chen) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិននៃ សាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធនិម្មិត។
ជំនួបទ្វេភាគីធ្វើឡើងក្នុងគោលបំណងពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក នៃសភាប្រជាជនចិនទូទាំងប្រទេស និងសភានៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសដើម្បីបន្តថែរក្សា និងជំរុញមិត្តភាពជាប្រពៃណី ដែលត្រូវបានកសាងយ៉ាងរឹងមាំដោយថ្នាក់ដឹកនាំជំនាន់មុនៗឱ្យកាន់តែស្អិតរមួត ស្ថិតស្ថេរយូរអង្វែង ក្នុងការបន្តគាំទ្រគ្នាទៅវិញទៅមករវាងស្ថាប័នសភាទាំងពីរចំពោះបញ្ហាតំបន់និងអន្តរជាតិ។