ក្រសួងអប់រំ ណែនាំឱ្យគ្រឹះស្ថានសិក្សាទាំងអស់ ចាត់វិធានការតឹងរ៉ឹង ចំពោះសិស្សានុសិស្ស ដែលប្រើសារធាតុញៀន និងជក់បារីគ្រប់ប្រភេទ
ភ្នំពេញ៖ ក្រសួងអប់រំណែនាំ ដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវចាត់វិធានការយ៉ាងតឹងរ៉ឹង ចំពោះសិស្សានុ សិស្សណាដែលប្រើប្រាស់សារធាតុញៀន និងការជក់បារីគ្រប់ប្រភេទ ព្រោះវាអាចឱ្យប៉ះពាល់ដល់សង្គម អាយុជីវិត និងអនាគតបានយ៉ាងងាយ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងអប់រំ យុវជន និង កីឡា នៅព្រឹកថ្ងៃទី១៦ សីហា នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម រស់ សុវាចា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការ ទទួលស្គាល់គុណភាពអប់រំកម្ពុជា និងជាអ្នកនាំពាក្យរបស់ក្រសួងអប់រំ បានមានប្រសាសន៍ថា កាលពីខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងអប់រំ យុវជននិងកីឡា បានចេញសេចក្ដីណែនាំមួយ ហាមមិនឱ្យគ្រឹះស្ថានឧត្ដមសិក្សា ក៏ដូចជាគ្រឹះស្ថានសិក្សាគ្រប់កម្រិត រួមមាន គ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន ចាប់ដៃគូសហការ ជាមួយឧស្សាហកម្មថ្នាំជក់ឬក៏ទទួល ការឧបត្ថម្ភគាំទ្រ ឬចុះអនុស្សរណៈយោគយល់ជាមួយឧស្សាហករថ្នាំជក់ ហើយក៏ហាមមិនឱ្យផ្ដល់ទីកន្លែង ឬទីធ្លាគ្រឹះស្ថាន សិក្សាសាធារណៈនិងឯកជន សម្រាប់រៀបចំកម្មវិធីផ្សព្វ ផ្សាយ ឬពិព័រណ៍ដែលជាកម្មវិធីរបស់ឧស្សាហកម្មថ្នាំជក់ នឹងត្រូវចូលរួមលុប បំបាត់ឱ្យបានសកម្មភាពប្រើប្រាស់ ផលិតផលថ្នាំជក់គ្រប់រូបភាព។
ឯកឧត្តមបន្តថា ក្រៅពីនេះ ក៏ពុំឱ្យមានវត្តមានបារីអេឡិចត្រូនិក គ្រឿងស្រវឹងនៅក្នុងគ្រឹះស្ថានសិក្សា ជាការចូលរួមលើកកម្ពស់សុខ ភាពបុគ្គល គុណភាពអប់រំ និងគុណភាពជីវិត។
ឯកឧត្តមបន្តទៀតថា ការជក់បារីធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ព្រមទាំងខាតពេលវេលា និងខាតប្រាក់របស់ឪពុកម្ដាយ ម្យ៉ាងទៀត វានឹងប្រឈមកើតជំងឺដាច់សរសៃ ឈាមខួរក្បាល ហើមសួត និងជំងឺគាំងបេះដូងជាដើម។
ប្រសិនបើមានករណីបាតុភាពទាក់ទង ទៅនឹងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្ដី ការប្រើប្រាស់បារីគ្រប់ប្រភេទក្ដី បាតុភាពគ្រប់ បែបយ៉ាងនៅតាមគ្រឹះស្ថាន សិក្សាទាំងសិក្សាសាធារណៈ និងឯកជន គឺគណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា ត្រូវចាត់វិធាន ការរដ្ឋបាល បើចាំបាច់ អាចសហការជាមួយមន្ទីរអប់រំយុវជន និងកីឡា ទូទាំង២៥ ខេត្តក្រុង ដែលជាសេនាធិការរបស់ក្រសួងអប់រំយុវជន និង កីឡា ។
ឆ្លៀតក្នុងឱកាសនេះឯកឧត្ដមបញ្ជាក់ថា គ្រឿង ញៀនខុសច្បាប់ និងគ្រឿង ស្រវឹងអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ ដល់សុខភាព និងអាយុជីវិតរបស់អ្នកសិក្សា និងភាគីពាក់ព័ន្ធ ក្រសួងអប់រំ យុវជន និងកីឡា បាននិងបន្តសហការជាមួយគ្រប់ភាគីពាក់ ព័ន្ធ ដើម្បីមិនឱ្យមានការប្រើ ប្រាស់គ្រឿងញៀនខុសច្បាប់ និងការប្រើប្រាស់បារីគ្រប់ប្រភេទនោះទេ ហើយថ្មីៗនេះ ក៏ក្រសួងបានចេញសេចក្ដី ណែនាំថ្មីមួយទៀត ទាក់ទងទៅនឹងករណីការប្រើប្រាស់បារីអេឡិចត្រូនិក គឺមិនឱ្យមានជា ដាច់ខាត ប្រសិនបើមាននឹងទទួលការគ្រប់គ្រងផ្ទាល់ ដោយគណៈគ្រប់គ្រងគ្រឹះ ស្ថានសិក្សានៅទូទាំងប្រទេស ដើម្បីលុបបំបាត់ ឱ្យបានការប្រើប្រាស់គ្រឿងញៀនខុស ច្បាប់ និងការប្រើប្រាស់បារីគ្រប់ប្រភេទ។
គួរជម្រាបថា ការជក់បារី គឺនាំឱ្យខូចដល់សុខភាព ព្រមទាំងនាំឱ្យកើតជំងឺមហារីក ជំងឺ សួត និងជំងឺផ្លូវដង្ហើមជាដើម មិនថាអ្នកជក់ផ្ទាល់ និងអ្នកដែលស្រូបផ្សែងបារីពីគេ ពិសេសស្ត្រីមានផ្ទៃពោះនិងទារក។ មិនតែប៉ុណ្ណោះ សូម្បី តែកាកសំណល់ កន្ទុយបារី ដែលគេបោះចោលតាម ផ្លូវពាសវាលពាសកាល ដែលគ្រប់គ្នាមិនបានគិតដល់ ក៏អាចបង្កផលវិបាកយ៉ាង ច្រើនដល់សុខភាពនិងបរិស្ថានផងដែរ ៕