អាជ្ញាធរមីន-កងទ័ពជើងគោក នឹងបោសសម្អាតមីននៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លើដីជាង៦គីឡូម៉ែត្រក្រឡា ចាប់ពីខែសីហា ដល់ខែវិច្ឆិកា ឆ្នាំ២០២២
ភ្នំពេញ៖ តាមរយៈកិច្ចព្រមព្រៀងជាមួយគ្នា អាជ្ញាធរមីន និងបញ្ជាការដ្ឋានកងទ័ពជើងគោកនឹងចាប់ផ្តើមការងារបោសសម្អាតមីននៅឃុំចំនួន៧ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទំហំផ្ទៃដីប្រមាណ៦.៥៥គីឡូម៉ែត្រក្រឡា ដោយប្រើពេលត្រឹម៤ខែ ចាប់ពីខែសីហារហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២។
ពិធីចុះកិច្ចព្រមព្រៀងនេះធ្វើឡើងរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន ក្រោមអធិបតីភាពទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន។
ទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា ខេត្តកំពង់ស្ពឺមានផ្ទៃដីមានមីនសរុបចំនួន៤៥,៦៥៨,៤៩១ម៉ែត្រក្រឡា ស្មើនឹង៤០៦ចម្ការមីន ដែលគ្រោងនឹងបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ និងប្រកាសជាខេត្តអស់មីនក្នុងឆ្នាំ២០២៣ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន។
លោកបន្តទៀតថា ស្រុកភ្នំស្រួច ដែលត្រូវប្រគល់ឲ្យបញ្ជាការដ្ឋានកងទ័ពជើងគោកនាថ្ងៃនេះ មានផ្ទៃដីមានមីនសរុបចំនួន៣១,៥០២,៦៥៣ ម៉ែត្រក្រឡា២៣៥ចម្ការមីន ស្មើនឹង៦៩%នៃផ្ទៃដីមានមីនទូទាំងខេត្តកំពង់ស្ពឺ ក្នុងនោះការអនុវត្តដំណាក់កាលទី១ មានរយៈពេល៤ខែ ចាប់ផ្តើមពីខែសីហាដល់ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឃុំចំនួន៧ រួមមានឃុំអូរ ឃុំមហាសាំង ឃុំតាំងស្យា ឃុំព្រៃរំដួល ឃុំតាំងសំរោង ឃុំក្រាំងដីវ៉ាយ និងឃុំចំបក់ ក្នុងទំហំផ្ទៃដី៦,៥៥៨,២០២ម៉ែត្រក្រឡា ស្មើនឹង៦២ចម្ការមីន។
ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្មបានលើកឡើងថា ពិធីចុះហត្ថលេខានាថ្ងៃនេះគឺជាការចាប់ផ្តើមការងារបោសសម្អាតមីនជាលក្ខណៈមនុស្សធម៌លើកដំបូងរបស់កងទ័ពជើងគោក ទោះបីសកម្មភាពបោសសម្អាតមីនបែបនេះ មានចាប់តាំងពីថ្ងៃរំដោះក៏ដោយ។ ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បន្តទៀតថា កងទ័ពជើងគោកនឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈអាជ្ញាធរមីនក្នុងការផ្តល់ដីសុវត្ថិភាព និងផ្តល់ស្នាមញញឹមដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតាមតំបន់មានការគម្រាមកំហែងដោយសារគ្រាប់មីន។
ក្នុងឱកាសនោះដែរ ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលបានបញ្ជូនកម្លាំងបញ្ជាការដ្ឋានកងវិស្វកកម្ម កងទ័ពជើងគោក ដើម្បីចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ព្រមទាំងចាត់ទុកថាការរួមរបស់កងទ័ពក្នុងការងារមនុស្សធម៌ គឺមានតម្លៃវិសេសវិសាលណាស់សម្រាប់ប្រទេសមួយដែលមានសន្តិភាពពេញលេញ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា ក្រោមម្លប់សន្តិភាព សម្តេចតេជោមិនចង់ឃើញប្រជាពលរដ្ឋណាម្នាក់បន្តរស់នៅទាំងភ័យខ្លាច និងបន្តរងគ្រោះដោយសារគ្រាប់មីនទៀតទេ ហើយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងបន្តរក្សានិងការពារសន្តិភាពពីសម្តេចតេជោជូនជាតិមាតុភូមិ ក្នុងនាមជាអ្នកបន្តវេនជានាយករដ្ឋមន្រ្តីនាពេលអនាគត៕