មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ៖ រយៈពេល៧ខែ មានរោងចក្របង្កើតថ្មីជាង ១០០រោងចក្រ បង្កើតឱកាសការងារថ្មីជូនប្រជាពលរដ្ឋជាង ៧ម៉ឺននាក់

ភ្នំពេញ ៖ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម ឯកឧត្តម ហេង សុខគង់ បានឱ្យដឹងថាក្នុងរយៈពេល៧ខែ ឆ្នាំ២០២២ មានរោងចក្របង្កើតថ្មីចំនួន ១១២រោងចក្រ ហើយបង្កើតឱកាសការងារថ្មី ចំនួន ៧៦,៦២៤នាក់ ដែលជួយជំរុញកំណើនសេដ្ឋកិច្ច និងដោះស្រាយបញ្ហាទីផ្សារការងារជូនប្រជាពលរដ្ឋបានយ៉ាងច្រើន។
ថ្លែងក្នុងសន្និសីទសារព័ត៌ មាន ស្ដីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១១ ខែ សីហា ឯកឧត្តម ហេង សុខគង់ បានមានប្រសាសន៍ថា គិតចាប់ពីឆ្នាំ ២០១៧ មកដល់ពាក់ កណ្តាលខែកក្កដា ឆ្នាំ២០២២ រោងចក្រនិងសិប្បកម្ម មានចំនួន១៩៤៧រោងចក្រ ដែលស្ថិតនៅក្នុង២៥រាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានកំណើន៤២៥ រោងចក្រ បើប្រៀបធៀបនឹងឆ្នាំ២០១៧ ស្មើនឹងប្រមាណ ២៧.៩២ភាគរយ ធៀបនឹងរយៈកាល៥ឆ្នាំកន្លងមកនេះ។
ឯកឧត្តមបន្តថា ឆ្នាំ២០១៧ កម្ពុជាមានរោងចក្រធំៗចំនួន១៥២២ រោងចក្រ ហើយរហូតមកដល់ឆ្នាំ២០២២នេះ កម្ពុជាមានរោងចក្រចំនួន១៩៤៧ រោង ចក្រ ដែលមានកំណើន ១១០៧រោងចក្រ ខណៈដែលក្នុងរយៈពេល៥ឆ្នាំមានរោង ចក្របានបិទទ្វារចំនួន ៦៨២ រោងចក្រ ។
ឯកឧត្តម រដ្ឋលេខាធិការ បានឱ្យដឹងទៀតថា កម្លាំងពលកម្មសរុបគិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២ នេះ មានចំនួន ១,០៤៥,២២៦នាក់ ដែលក្នុងនោះស្រ្តីចំនួន ៧៩៣,០២៨នាក់ ស្មើនឹង ៧៥.៩៤ភាគរយ ខណៈដែលកំណើននេះមានចំនួន ៦២,០២៣នាក់ កើនឡើងចំនួន ៦,៣១ភាគរយ ប្រៀប ធៀបរយៈកាល៥ឆ្នាំកន្លងទៅ ។
ឯកឧត្តម បានបញ្ជាក់ថា កត្តាសុខសន្តិភាពនិងការកែទម្រង់បរិយាកាសវិនិយោគ និងធុរកិច្ចជាបន្ត បន្ទាប់របស់រដ្ឋាភិបាលបានផ្តល់ទំនុកចិត្ត និងបរិស្ថានសមស្របដល់វិនិយោគិន ធុរជនក្នុង និងក្រៅប្រទេសឱ្យបន្តបណ្តាក់ទុននៅកម្ពុជា។ « គេគិតថានៅកម្ពុជារបស់យើង មានលទ្ធភាពគ្រប់គ្រាន់នៅលើការគ្រប់គ្រង នៃជំងឺកូវីដ១៩នេះ អ៊ីចឹងហើយគេមិនព្រួយបារម្ភនៅក្នុងការ បិទរោងចក្រឬLockDown ប្រទេស ដូចជាបណ្តាប្រទេសមួយចំនួន ដែលជាការបង្កើននូវភាពជឿជាក់បន្ថែមទៀត បូករួមជាមួយគោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជារបស់យើង ដែលបានដាក់ចេញនូវការគាំពារ ទៅលើបណ្តាអ្នកវិនិយោគគិន ហើយជាពិសេសច្បាប់វិនិយោគគិនថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានភាពទាក់ទាញខ្លាំងមែន ទែន ដែលជាការជំរុញបន្ថែមទៀត នៅក្នុងការជំរុញឱ្យវិនិយោគគិនមកបណ្តាក់ទុនបន្ថែម ដែលយើងឃើញថា ត្រឹមតែរយៈពេល៧ខែដើមឆ្នាំ ២០២២ យើងមានរោងចក្រថ្មីរហូតទៅដល់១១២រោងចក្រដែលបង្កើត »។
ឯកឧត្តម ហេង សុខគង់ បានឱ្យដឹងដែរថា សម្រាប់ទុនវិនិយោគ នៅក្នុងចំណោម ១៩៤៧រោងចក្រ មានទុនវិនិយោគសរុបចំនួន ១៥,៧០៧ លានដុល្លារអាមេរិក ប្រៀបធៀបទៅនឹងឆ្នាំ២០១៧ មានការកើនឡើងចំនួន ៦,២៩៧លានដុល្លារអាមេរិក ស្មើនឹង ៦៦.៩១% បើធៀបទៅនឹងរយៈពេល៥ឆ្នាំកន្លងទៅ៕

