សាហាវ! ចិន ដកកាំភ្លើងបាញ់ចិនដូចគ្នា រួចធាក់ទម្លាក់ពីលើរថយន្ត នៅមុខសណ្ឋាគា៥២០ ក្រុងព្រះសីហនុ
ព្រះសីហនុ៖ មានករណីជនជាតិចិនបាញ់សម្លាប់ ជនជាតិចិនដូចគ្នា រួចធាក់ទម្លាក់ពីលើរថយន្ត នៅចំណុចមុខសណ្ឋាគា៥២០ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីកើតហេតុរួច ជនសង្ស័យបានបើករថយន្តមួយគ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-6111 គេចខ្លួនឆ្ពោះមកផ្លូវជាតិលេខ៤ ។
ក្រោយមក កម្លាំងមានសមត្ថកិច្ចបានល្បាត មកដល់ចំណុចភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានប្រទះឃើញរថយន្តមួយគ្រឿង បានរេចង្កូតមកខាងឆ្វេងដៃ ទិសដៅទៅភ្នំពេញ បុកបង្គោលភ្លើងទៅមុខលែងរួច ។
សមត្ថកិច្ចបញ្ជាក់ថា នៅក្នុងរថយន្តមានបុរសជនជាតិចិន ៤នាក់ ដោយបានស្លាប់ ២នាក់ និងរបួសធ្ងន់២នាក់ អាវុធខ្លីចំនួន ១ដើម ម៉ាក CF ខ្នោះដៃ និងសម្ភារៈមួយចំនួនទៀត ។
ទោះបីយ៉ាងណា ពេលនេះ ជនសង្ស័យ ២នាក់ ដែលកំពុងរងរបួស និងសាកសព ២នាក់ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ៕