ចាប់ពីដើមឆ្នាំ២០២១ រហូតដល់ត្រីមាសទី១ ឆ្នាំ២០២២ ក្រសួងបរិស្ថានបានផ្តល់ពូជសត្វ ជាង១ពាន់ក្បាលដល់ប្រជាសហគមន៍មូលដ្ឋានក្នុងការចិញ្ចឹម

ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា កន្លងមកក្រុមការងារសិក្សា និងវាយតម្លៃសម្រាប់ការអនុវត្តគម្រោងកិច្ចសហការនៃការផ្តល់ពូជសត្វ នៃក្រសួងបរិស្ថាន ធ្លាប់បានធ្វើការសិក្សាលទ្ធភាពក្នុងការផ្តល់ជាពូជសត្វ គោ ក្របី ពពែ ជ្រូក ជ្រូកព្រៃ ចៀម ដើម្បីយកទៅប្រគល់ជូនបងប្អូនប្រជាសហគមន៍មូលដ្ឋាន ដៃគូរសហការចិញ្ជឹមតាមកសិដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលមានឆន្ទះខ្ពស់មានចិត្តចង់ចិញ្ចឹមជាលក្ខណៈគ្រួសារ និងកសិដ្ឋាន ដោយឈរលើគោលការណ៍នៃលក្ខខន្តិក ជាមួយក្រសួង បរិស្ថាន ដោយទុករយៈពេលសមស្របណាមួយដើម្បីប្រគល់សងត្រលប់មកក្រសួងបរិស្ថានវិញ ផ្អែកលើគោលការណ៍និរន្តរភាពនៃគម្រោង។

ឯកឧត្ដមបញ្ជាក់ថា ដោយចាប់ពីដើមឆ្នាំ២០២១ រហូតដល់ត្រីមាសទី១ ឆ្នាំ២០២២នេះ ក្រសួងបរិស្ថានធ្លាប់បានផ្តល់ពូជសត្វទៅតាមគោលដៅស្នើសុំមួយចំនួនលើប្រភេទសត្វដូចជា៖ ក្របី=២៥៨ ក្បាល, គោ=៤០២ក្បាល, គោបា=៦ ក្បាល, គោមេពូជ=៣០ក្បាល, ចៀម=៥៤២ក្បាល, ជ្រូក=៨០ក្បាល, ជ្រូកព្រៃ=១០០ក្បាល, បាចៀម=១ក្បា, ពពែ=៣៨៣ក្បាល សរុបគឺ១៨០២ក្បាល៕

