រយៈពេលជាង៣០ឆ្នាំ អាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា ប្រមាណ៨៨៧លានដុល្លារ

ភ្នំពេញ៖ តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KW) និងទីភ្នាក់ងារអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ក្នុងរយៈពេលជាង៣០ឆ្នាំនេះ អាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា សរុបប្រមាណ៨៨៧លានដុល្លារ
នេះបើតាមការបញ្ជាក់របស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងឯកឧត្ដម ស្ទេហ្វេន មីស៊ើរើ (Stefan Messerer) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ហិរញ្ញប្បទានជិត៩០០រយលានដុល្លារអាម៉េរិកនេះ មាន៧៦២លានដុល្លារ ជាហិរញ្ញប្បទានឥតសំណង និង១២៥លានដុល្លារអាម៉េរិក ជាឥណទានសម្បទាន គ្រប់ដណ្ដប់លើវិស័យសំខាន់ៗដូចជា៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, វិស័យអប់រំ, អភិបាលកិច្ច, អភិវឌ្ឍន៍ជនបទ, ថាមពល, សុខភាព, គាំពារសង្គម, ការពង្រឹងវិស័យវាយនភណ្ឌ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ឯកឧត្ដមគូសបញ្ជាក់ថា អាល្លឺម៉ង់ ជាដៃគូអភិវឌ្ឍទ្វេភាគីដ៏សំខាន់មួយ ក្នុងចំណោមបណ្តាប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប ដែលបានផ្តល់កិច្ចសហការសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ហើយលោកវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-សហព័ន្ធអាល្លឺម៉ង់ នាពេលកន្លងមក។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានជម្រាបផងដែរអំពីកម្មវិធីអភិវឌ្ឍន៍ និងវិធានការបន្ទាន់ជាអាទិភាពនានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញថ្មីៗនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃភាពមិនប្រាកដប្រជាខ្ពស់នៃសកលលោក, បញ្ហាសង្គ្រាមនៅបជ្ឈិមបូព៌ា, បញ្ហានៅតាមព្រំដែនកម្ពុជា-ថៃ ដែលជះឥទ្ធិពលអវិជ្ជមានមកលើសង្គម-សេដ្ឋកិច្ច, សកម្មភាពអាជីវកម្ម, និងជីវភាព ប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាជាដើម ។
ឯកឧត្ដម ស្ទេហ្វេន មីស៊ើរើ បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបុរេសកម្ម និងម្ចាស់ការក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ និងរក្សាកំណើនដែលកម្ពុជា ទទួលបាននាពេលកន្លងមក។
ឯកឧត្ដមអះអាងថា អាល្លឺម៉ង់ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយកម្ពុជា ក្នុងការបន្តជួយគាំទ្រដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។
ជាថ្មីម្ដងទៀតឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងប្រជាជនអាល្លឺម៉ង់ ដែលបាននិងកំពុងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា៕

