មន្រ្តីឆ្មាំបដិវត្តន៍អ៉ីរ៉ង់៖ ការធ្វើសង្រ្គាមជាមួយអាមេរិកឡើងវិញ មិនទំនងជាកើតឡើងទេ ប៉ុន្តែអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ ដើម្បីប្រឆាំងនឹងការវាយប្រហារគ្រប់ទម្រង់

តេហេរ៉ង់៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP មន្រ្តីម្នាក់នៃឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បាននិយាយនាថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ ថាការធ្វើសង្រ្គាមជាមួយសហរដ្ឋអាមេរិកឡើងវិញ មិនទំនងជាកើតឡើងទេ ប៉ុន្តែព្រមានថាអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ ដើម្បីប្រឆាំងនឹងការវាយប្រហារគ្រប់ទម្រង់។
អនុប្រធានផ្នែកនយោបាយនៃទ័ពជើងទឹករបស់ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក Mohammad Akbarzadeh ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាន Tasnim ដែលនិយាយថា «លទ្ធភាពនៃការធ្វើសង្រ្គាមគឺទាប ពីព្រោះសត្រូវរបស់យើងចុះខ្សោយ កងកម្លាំងប្រដាប់អាវុធ បាននិងកំពុងប្រុងជើងការយ៉ាងពេញលេញ»។
«សូមកុំឆ្ងល់ យើងនឹងប្រែក្លាយតំបន់ រាប់ចាប់ពី Chabahar ដល់ Mahshahr ទៅជាកន្លែងបញ្ចុះសពសម្រាប់ពួកឈ្លានពាន»។ នេះជាការបន្ថែមរបស់លោក Mohammad Akbarzadeh ដោយសំដៅទៅទីតាំងដ៏វែងអន្លាយ នៃឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសអ៉ីរ៉ង់៕

