លោក Rubio៖ ការសម្រេចបានកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ នៅតែអាចទៅរួច បើទោះបីជាយោធាអាមេរិក បានបើកការវាយប្រហារជាថ្មីលើអ៉ីរ៉ង់

ឥណ្ឌា៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ការសម្រេចបានកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ នៅតែអាចទៅរួច បើទោះបីជាយោធាអាមេរិក បានបើកការវាយប្រហារជាថ្មីលើអ៉ីរ៉ង់ ដែលធ្វើឱ្យកាន់តែរង្គោះរង្គើបទឈប់បាញ់ដ៏ផុយស្រួយរវាងប្រទេសទាំងពីរ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងទស្សនកិច្ចនៅប្រទេសឥណ្ឌា លោក Rubio បាននិយាយដូច្នេះថា «ថ្ងៃនេះមានកិច្ចពិភាក្សា ប្រព្រឹត្តទៅនៅកាតា ដូច្នេះយើងនឹងរង់ចាំមើលថា តើយើងមានវឌ្ឍនភាពឬអត់។ ខ្ញុំយល់ថា មានការជជែកគ្នាទៅមកច្រើន ជុំវិញភាសាជាក់លាក់ នៅក្នុងឯកសារដើម ហេតុនេះហើយ វានឹងត្រូវចំណាយពេលប៉ុន្មានថ្ងៃទៀត»។
លោក Rubio បានបន្ថែមថា «លោកប្រធានាធិបតី (ត្រាំ) បានបង្ហាញក្តីបំណងដើម្បីសម្រេចវា ពោលគឺលោកនឹងសម្រេចឱ្យបានកិច្ចព្រមព្រៀងដែលល្អមួយ ឬក៏នឹងគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់តែម្តង»។
គួរបញ្ជាក់ថា ការវាយប្រហារថ្មីរបស់អាមេរិកធ្វើឡើង ស្របពេលក្រុមអ្នកចរចារបស់អ៉ីរ៉ង់ បានទៅដល់ទីក្រុង Doha ដើម្បីចូលរួម កិច្ចពិភាក្សាជុំចុងក្រោយបង្អស់ ស្តីពីកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមដែលបានផ្ទុះឡើង កាលពីចុងខែកុម្ភៈ ហើយនាពេលនេះកំពុង ស្ថិតក្រោមបទឈប់បាញ់៕

