ប៉ាគីស្ថាន៖ ករណីបំផ្ទុះគ្រាប់បែកអត្តឃាតលើរថភ្លើងដឹកជញ្ជូនកងសន្តិសុខ និងក្រុមគ្រួសារ នៅក្នុងខេត្តបាឡូជីស្ថាន ភាគនិរតីនៃប្រទេសបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៤នាក់ស្លាប់

ក្វែតតា៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters អាជ្ញាធរប៉ាគីស្ថានបានឱ្យដឹងថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតលើរថភ្លើងដឹកជញ្ជូនកងសន្តិសុខ និងក្រុមគ្រួសារ នៅក្នុងខេត្តបាឡូជីស្ថាន ភាគនិរតីនៃប្រទេសប៉ាគីស្ថាន នៅថ្ងៃអាទិត្យនេះ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៤នាក់ស្លាប់ និងប្រហែល ៧០នាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។
ក្រសួងផ្លូវដែកប៉ាគីស្ថានបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្បែរខ្សែផ្លូវរថភ្លើងក្នុងទីក្រុងក្វែតតា (Quetta) ដែលជារដ្ឋធានីនៃខេត្តបាឡូជីស្ថាន ដោយកម្លាំងផ្ទុះបានធ្វើឱ្យក្បាលរថភ្លើង និងទូរថភ្លើងចំនួន ៣ ធ្លាក់ចេញពីផ្លូវដែក និងក្រឡាប់ចំនួន ២ទូ។
ក្រុមឧទ្ទាមបំបែករដ្ឋ «កងទ័ពរំដោះបាឡូជីស្ថាន» បានចេញសេចក្តីថ្លែងការណ៍អះអាងថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារអត្តឃាតនេះ ខណៈដែលកម្ទេចកម្ទី និងការខូចខាតបានរាលដាលដល់អគារស្នាក់នៅរបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្បែរនោះថែមទៀតផង។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស សារីហ្វ (Shehbaz Sharif) បានចេញមុខថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើបំផ្ទុះគ្រាប់បែកដ៏ឃោរឃៅនេះ និងបានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់៕

